ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​ផ្ទះ​នៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

     ភ្នំពេញ​៖​ ផ្ទះ​ប្រជាពលរដ្ឋជា​ច្រើន​ខ្នង​​ ត្រូវបានអគ្គិភ័យ​ឆាបឆេះយ៉ាងសន្ធោសន្ធៅ​​បង្ក​ការ​ភ្ញាក់​ដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះរត់​គេច​ខ្លួន​សឹងតែ​មិនទាន់​ ។ 

   ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាលពី​វេលា​៤និង៤០នាទី​ទៀបភ្លឺឈានចូលថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០២២​ នៅ​ផ្លូវ​មាត់​ទន្លេ​ ខាង​ជេីង​គល់​ស្ពាន​ជ្រោយចង្វា​ ក្នុងភូមិ​ដេីម​មៀន​  សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វា រាជធានីភ្នំពេញ​ ។ 

    ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ផងដែរ​ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វិឱ្យពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ។ 

   តាម​ប្រភពពីម្ចាស់ផ្ទះឈ្មោះ គង់​ ស្រីទុំ​អាយុ៣៩ឆ្នាំ​បានប្រាប់ឱ្យដឹងថា​ មុន​កេីត​ហេតុ​ ក្នុង​គ្រួសារ​គាត់​មាន​សមាជិក​០៤នាក់​កំពុង​សម្រាន្ត​លង់​លក់​ក្នុងដំណេកក៏​ស្រាប់តែឮសំឡេងផ្ទុះ​ទេីប​ភ្ញាក់​មក​ឃេីញ​ភ្លេីង​ឆេះ​ដល់​ពូក​ក្នុង​បន្ទប់​គេង​ក្បែរខ្លួន​បាត់ទៅ​ហេីយ​ ។  ភ្លាមៗ​នោះពួក​គាត់​បាន​ដាស់​សមាជិក​គ្រួសារ​នាំគ្នា​រត់​ចេញ​ពី​ផ្ទះ​យក​រួច​ខ្លួន​ និង​ស្រែក​ឆោឡោ​ផ្អើល​ដល់ប្រជាពលរដ្ឋ​ក្បែរ​ខាង​ឱ្យភ្ញាក់​ពី​ដំណេក​ ។  ប្រភព​ដដែល​បន្តទៀត​ថា​ ដោយ​សារ​តែ​ភ្លើង​ឆេះ​ក្នុង​ផ្ទះ​ខ្លាំង​រហូត​ទប់​ទល់​លែង​ឈ្នះ​ ទេីប​បណ្តាល​ឱ្យឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​ខាង​លឿន ដែលមាន​អ្នក​ខ្លះ​រត់​ចេញ​ពី​ផ្ទះ​សឹងតែ​មិនទាន់​ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​មកធ្វើអន្តរាគមន៍​ភ្លាមៗ​ផងដែរ​។ 

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាច្រើនគ្រឿង និងរថយន្តជំជួយផ្សេងៗទៀត បានចេញមកធ្វើអន្តរាគមន៍ និងជួយបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

    ក្នុង​ហេតុការណ៍​នេះ​ដែ​រ​ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​០៤ខ្នង​ផ្ទះ​ទាំង​ស្រុង​ និង​ឆ្លង​រាលដាល​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋអស់​០១ខ្នង​ផ្ទះ​ទៀត  ដែលភាគ​ច្រើន​ជាប្រភេទ​ផ្ទះ​ឈើ​ ប្រក់ស័ង្កសី​  និង​ប្រេី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​០៨គ្រឿង​ ប្រេី​រយៈ​ពេល​ពន្លត់​អស់​ជាង​កន្លះ​ម៉ោង​ ទេីប​អាច​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖