ព័ត៌មានទាន់ហេតុការណ៍៖

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  នៅទីនោះជាកន្លែងដាច់ស្រយាលពីលំនៅដ្ឋានប្រជាជន។ ខ្ញុំដើរកាត់ភ្លៀងចេញពីរោងយុវជនមិនបានប៉ុន្មានផង ស្រាប់តែឃើញកងឈ្លប៣នាក់កាន់កាំភ្លើងអាកាគ្រប់ដៃកំពុងបណ្ដើរមនុស្សមួយក្រុមកាត់ដំណក់ទឹកភ្លៀងដែលអ្នកទាំងនោះសុទ្ធតែជាមនុស្សស្រីនិងកូនក្មេងតូចខ្លះអាយុ ៣ ទៅ ៤ឆ្នាំដើរកាន់ដៃម្ដាយស្រែកយំទារបាយហូបទាំងរអឹលជើងដួលប្រឡាក់ភក់ស្រម៉ក។ ឯខ្លះទៀតដែលមានវ័យជាង១ ខួបម្ដាយពនៅលើចង្កេះនាំគ្នាស្រែកយំយ៉ាងទ្រហឹងទាររកបៅដោះម្ដាយគ្រាដែលម្ដាយដៃម្ខាងទៀតទុកទប់បង្វិចនៅលើក្បាលសឹងមិនជាប់។ អ្នកទាំងនេះមានគ្នាប្រមាណជិត ១០០ នាក់ត្រូវកងឈ្លបបណ្ដើរនៅលើផ្លូវលំពីផ្លូវជាតិលេខ ១ ឆ្ពោះមកមន្ទីរឃុំក្នុងវត្តឯករាជ្យទាំងយប់ងងឹតមើលមិនយល់។ ឃើញភាពខ្លោចផ្សាដូច្នេះខ្ញុំប្រញាប់បន្ទាបខ្លួនដើរឱនៗទៅបាំងនឹងដើមត្នោតធំមួយដើមកុំឲ្យកងឈ្លបឃើញ និងបានយកត្រចៀកត្រងស្ដាប់នូវសំឡេងយំសោកសង្រេងរបស់ស្ត្រីទាំងនោះ។ ស្ត្រីវ័យជាង ៤០ ឆ្នាំម្នាក់អង្វរកងឈ្លបថា ” មិត្តអើយមិត្ត! ខ្ញុំមិនដឹងអីទេ ហេតុអីអង្គការចោទពួកខ្ញុំថាជាខ្មាំង? កូនខ្ញុំតូចវាមិនដឹងអីទេ សូមសមមិត្តមេត្តាឲ្យបានវាហូបផងវាឃ្លានណាស់!” ឯស្ត្រីម្នាក់ទៀតស្ថិតក្នុងភាពរងាញ័រញាក់ដោយទទឹកភ្លៀងនោះ គិតតែទ្រហ៊ោយំរៀបរាប់ថា ” អ្នកណាខុសសម្លាប់អ្នកនោះទៅ ខ្ញុំមិនពាក់ព័ន្ធនឹងប្ដីជាប់និន្នាការធ្វើទាហាននឹងគេទេ ខ្ញុំនៅតែផ្ទះមិនដឹងអីសោះ ហេតុអី្វអង្គការចាត់ទុកខ្ញុំជាខ្មាំង? លែងខ្ញុំទៅមិត្ត! ខ្ញុំសុំអង្វរ”។ ចំណែកស្ត្រីម្នាក់ទៀតទំនងជាពិការជើងផងដើរប៉ាំងខ្ញើចៗស្ពាយបង្វិចមួយជាប់នឹងខ្នងស្រែកយំឮជាងគេព្រោះដឹងថាអង្គការយកទៅសម្លាប់។ គាត់បានស្រែកខ្លាំងៗថា ” លោកអើយមើលចុះខ្មែរសម្លាប់ខ្មែរ! សម្រែកនេះធ្វើឲ្យកងឈ្លបម្នាក់ដែលដើរនៅជួរកណ្ដាលកំហកឲ្យស្ត្រីនេះថា ” អង្គការមិនមែនសម្លាប់ខ្មែរទេគឺសម្លាប់ខ្មាំង ” ។ មួយសន្ទុះការបណ្ដើរស្ត្រីជាចំណាប់ខ្មាំងរបស់កងឈ្លបទាំង ៣ នាក់នេះបានរំលងពីខ្សែភ្នែកខ្ញុំបាត់ទៅហើយ។ តែទិដ្ឋភាពបែបនេះបានបន្សល់ទុកនៅភាពសោកសង្រេងនិងខ្លោចចិត្តហួសពីការស្មានសម្រាប់ខ្ញុំ។ ការពិតសកម្មភាពខ្លោចផ្សាអម្បាញ់មិញនេះខ្ញុំយល់ច្បាស់ណាស់ថា អ្នកទាំងអស់នេះគឺជាប្រពន្ធ កូន និងសាច់សារលោហិតរបស់ទាហានលន់ នល់ដែលអង្គការចោទថា (ខ្មាំង) ហើយត្រូវនាំខ្លួនពីសហករណ៍តំបន់ ២៤ (ខេត្តស្វាយរៀង) នៅស្រុកស្វាយជ្រំ និងឃុំក្រោលគោចល័តមកសម្លាប់ចោលនៅឃុំព្រៃឈរដីជាប់ព្រំប្រទល់គ្នាក្រោយពីស្វាមី និងជាឪពុករបស់ពួកគេត្រូវអង្គការយកទៅកម្ទេចចោលរួចទៅហើយ។ បើខ្ញុំគិតមិនខុសទេ ការសម្លាប់ចោលទាំងពូជយ៉ាងនេះគឺជាផែនការរបស់អង្គការអាវខ្មៅក្រោមទ្រឹស្ដីថា “ជីកស្មៅត្រូវតែជីកទាំងឫស” ។(នៅមានត)


ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត


ចែករំលែក៖