ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី​កំពុងចាត់វិធានការដាក់ទណ្ឌកម្មទៅលើ Google សម្រាប់ «ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ»នៅក្នុងប្រទេសអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ​៖​ ប្រទេសរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet Inc ចំនួន៤លានរូប្លិ៍ (ប្រហែល៥០,០០០ដុល្លារអាមេរិក) ជុំវិញការមិនព្រមលុបនូវអ្វីដែលខ្លួនហៅថា «ព័ត៌មានក្លែងក្លាយ» ដែលទាក់ទងទៅនឹងប្រតិបត្តិការពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។​ នេះបេី​យោង​តាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន TASS​ ដែល​សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២១​ ខែមេសា​ ឆ្នាំ​២០២២។

ជាក់ស្ដែងកាលពីដើមខែមេសានេះ​ អ្នកឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ីធ្លាប់​បានបង្ហាញរួចទៅហើយ​ថា៖ ខ្លួនកំពុងចាត់វិធានការដាក់ទណ្ឌកម្មទៅលើ Google សម្រាប់ «ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ» នៅលើ YouTube រួមទាំងធ្លាប់បានព្រមានដល់ក្រុមហ៊ុនរបស់អាមេរិកមួយចំនួនរួចហើយដែលថាខ្លួននឹងផាកពិន័យ ប្រសិនបើមិនអនុវត្តតាម។

គួរបញ្ជាក់ថា​ រុស្ស៊ី​បានចាត់ទុក វេទិកាដ៏ធំរបស់អាមេរិកមួយនេះជាអ្នកបំផុសបំផុលខ្លឹមសារមិនពិត ដែលបានបណ្តាលឱ្យខូចកិត្តិយសដល់កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ក៏ដូចជាបង្ហាញឱ្យឃើញពីព័ត៌មានលក្ខណៈជ្រុលនិយម នឹងបង្កឱ្យមានអំពើហិង្សាប្រឆាំងជាដើម៕

ដោយ​៖ស​ តារា


ចែករំលែក៖