អន្តរជាតិ៖ បេីយោងតាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានលើកឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា៖ ទាហានអ៊ុយក្រែនមួយក្រុមតូច កំពុងតែហ្វឹកហាត់នៅអង់គ្លេសជាលើកដំបូងតាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនមក។ ខណៈអង់គ្លេស កំពុងតែបញ្ជូនអាវុធទំនើបៗបន្ថែមទៀតទៅកាន់អ៊ុយក្រែនដើម្បីតតាំងជាមួយរុស្ស៊ី។
សូមជម្រាបថា រុស្សី បានវាយប្រហារតំបន់ភាគខាងកើតអ៊ុយក្រែនសាជាថ្មី ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យលោកខាងលិចបញ្ជូនអាវុធទំនើបៗជាច្រើនបន្ថែមទៀត ហើយឱ្យទាន់ពេលផងដែរ។ លោកក៏ធ្លាប់បានបញ្ជាក់ថា ទាហានអ៊ុយក្រែនមានសមត្ថភាពក្នុងការរៀនប្រើអាវុធទំនើបទាំងនោះក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងបន្ថែមថា៖ ជាការឆ្លើយតបនឹងសំណើរបស់អ៊ុយក្រែន អង់គ្លេសកំពុងបញ្ជូនរថពាសដែកចំនួន១២០គ្រឿងបន្ថែមទៀតរួមមានរថពាសដែក Mastiff ដែលអាចប្រើជាយានឈ្លបយកការណ៍ ឬយានល្បាត ចំណែកឯសម្ព័ន្ធមិត្តអង់គ្លេសវិញក៏កំពុងបញ្ជូនអាវុធទំនើបៗ ដែលកងកម្លាំងអ៊ុយក្រែនប្រហែលជាមិនធ្លាប់បានប្រើពីមុនផងដែរ។
អ្នកនាំពាក្យ បានគូសបញ្ជាក់ថា៖ «នេះជាការសមហេតុសមផលដែលពួកគេ (ទាហានអ៊ុយក្រែន) ទទួលបានការបណ្តុះបណ្តាលចាំបាច់ក្នុងការប្រើប្រាស់អាវុធឱ្យបានល្អបំផុត។ ពួកយើងក៏ច្បាស់ថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងបង្កើនសកម្មភាពលុកលុយផងដែរ»។ អ្នកនាំពាក្យរូបនេះ បន្តថា កងទ័ពអ៊ុយក្រែន ចាប់ផ្តើមហ្វឹកហាត់ប្រើរថពាសដែកល្បាតដែលផ្តល់ដោយអង់គ្លេសក្នុងខែមេសានេះ។
នៅក្នុងខែមេសា សមាជិកនៃរដ្ឋាភិបាលអ៊ុយក្រែន បានទៅជំរំយោធាមួនៅក្រុង Salisbury របស់អង់គ្លេស ទីកន្លែងដែលពួកគេត្រូវបានបង្ហាញពីអាវុធផ្សេងៗ និងបានពិភាក្សាអំពីរបៀបដែលរដ្ឋាភិបាលអង់គ្លេសអាចផ្គត់ផ្គង់សព្វាវុធទៅក្រុងកៀវបាន។
គួរបញ្ជាក់ថា លោក ចនសុន កន្លងមកក៏បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រធានាធិបតី អ៊ុយក្រែនដោយបានសន្ទនាយ៉ាងទៀងទាត់តាមទូរស័ព្ទ និងព្រមទាំង បានធ្វើដំណើរទៅក្រុងកៀវផ្ទាល់ទៀតផង។ លើសពីនេះ តាំងពីសង្គ្រាមបានចាប់ផ្ដើមមក អង់គ្លេសបានផ្ដល់ប្រព័ន្ធប្រឆាំងនាវា ប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង ព្រមទាំងអាវុធប្រឆាំងរថក្រោះធុនស្រាលជាដើម។ អាវុធទាំងនេះបានជួយឱ្យកងកម្លាំងអ៊ុយក្រែនទប់ទល់នឹងកម្លាំងរុស្សីមួយកម្រិតដែរ៕ដោយ៖សហការី
រូបថត៖ក្រសួងការពារជាតិអង់គ្លេស