ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានមានប្រសាសន៍ថា,
ទូលព្រះបង្គំ សូមព្រះបរមរាជានុញាតសម្តែងនូវវន្ទនកិច្ច និងកត្តញុតាធម៌ដ៏ជ្រាលជ្រៅបំផុត សូមក្រាបថ្វាយបង្គំ ថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល មហាសិរីមង្គល ប្រសើរថ្លៃថ្លា ឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ឈានចូលព.ស. ២៥៦៦។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបន្តថា, ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថាប្រណមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងព្រះបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោសព្រំនូវសព្វសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស និង ហ្លួងម៉ែ សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភយ្យោគភាពតរៀងទៅ៕
ដោយ ៖ សិលា