ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកស្រី ម៉ក់ ស៊ីថា លោក អ៊ុន ចិន្តា អភិបាលនៃគណ:អភិបាលខេត្ត លោក សៀង ណាំ សមាជិករដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងដំបូលព្រះវិហារ សម្ពោធសមិទ្ធផលនានា និងពុទ្ធាភិសេក ក្នុងវត្តឥន្ទកោសីចុងកោះជ្រូក ភូមិទីបួន ឃុំកោះសំរោង ស្រុកកំពង់សៀម។ ក្នុងពិធីនេះក៏មានការអញ្ជើញចូល រួមពីសំណាក់លោកអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម លោកប្រធានក្រុមការ ងារចុះឃុំ លោក លោកស្រីជាសប្បុរសជនដែលបានអញ្ជើញមកពីទីជិត-ឆ្ងាយ លោកអភិបាល ស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងបងប្អូនប្រជាពល រដ្ឋចំណុះជើងវត្តចំនួន ៤០០នាក់។
បន្ទាប់ពីលោកអភិបាលស្រុករាយការណ៍ជូនជ្រាបដោយសង្ខេបអំពីសមិទ្ធផលសំខាន់ៗដែលវត្តបានខិតខំកសាងកន្លងមក។ លោក សៀង ណាំ និង លោកអភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទពាក់ព័ន្ធបញ្ហាជីវភាព សន្តិសុខទូទៅ ការអភិវឌ្ឍមូលដ្ឋាន បញ្ហាកូវីដ-១៩ យុទ្ធនាការបោះឆ្នោត និងការទៅបំពេញសិទ្ធិជាពលរដ្ឋទៅបោះ ឆ្នោតនាពេលខាងមុខ។ មានមតិសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទ លោកប្រធានក្រុមការងារ លោកអភិបាលខេត្ត លោកសមាជិករដ្ឋសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនពុទ្ធិបរិស័ទដែលមានវត្តមាននាពេលនេះ និងបងប្អូនទូទាំងខេត្ត ហើយបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។ ភ្ជាប់ជាមួយសមិទ្ធផលនេះ ឯកឧត្តមប្រធានក្រុមការងារបានថ្លែង អំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ លោកប្រធានក្រុមការងារចុះឃុំ សហ ការី លោកអភិបាលស្រុក ឃុំ និងសប្បុរសជនដែលបានបរិច្ចាគថវិការួមគ្នាកសាងឡើងទុកសម្រាប់គោរពបូជាទៅតាមប្រពៃណី ព្រះពុទ្ធសាសនា។ កាយវិការដែលប្រកបដោយស្មារតីទទួលខុសត្រូវ និងសិល្ប:នៃការចែករំលែកនេះ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុក ដាក់អំពីបញ្ហាជីវភាព សេចក្តីត្រូវការ រួមសុខ រួមទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលសកម្មភាពយ៉ាងសកម្មរបស់សមាជិកក្រុមការងារនេះ បានឆ្លើយតបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថាមន្រ្តីត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីប្រមូលយកនូវរាល់បញ្ហា និងសេចក្តីត្រូវការចាំបាច់របស់បងប្អូន រួចធ្វើការដោះ ស្រាយជូនឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។
ឆ្លៀតយកឱកាសនៃការជួបជុំពុទ្ធបរិស័ទ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងអ៊ំ ពូ មីង បងប្អូន លោកប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពីបញ្ហានយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មី សកម្មភាពបង្កបង្កើនផល ព្រមជាមួយការផលិតស្បៀងប្រចាំថ្ងៃ និងជាពិសេសគុណសម្បត្តិដ៏ធំធេងរបស់រាជរដ្ឋាភិបាលដែលបានកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើនដែលមាននាពេលបច្ចុប្បន្ន។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ និងតាងនាមឲ្យបងប្អូនទូទាំងខេត្តកំពង់ចាម ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិត ខំតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការកសាង និងអភិវឌ្ឍប្រទេស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរជូនចំពោះសម្តេចដែលបានស្វែងរកជំនួយ និងជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ធ្វើឲ្យការគ្រប់ គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះបានល្អប្រសើរ ឈានទៅអនុញ្ញាតឲ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។ លោកក៏បានក្រើនរំលឹកបងប្អូនត្រូវទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ខាងមុខជូនគណបក្សប្រជាជនដើម្បីអនាគតភ្លឺស្វាងរបស់យើង កូនចៅយើង និងប្រទេសជាតិយើងទទួលសុខសន្តិភាព និងទទួលបានការអភិវឌ្ឍថ្មីៗបន្តទៀត។
ចុងបញ្ចប់នៃពិធី លោកប្រធានក្រុមការងារបានបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរជូនឯកឧត្តម លោកជំទាវជាសមាជិកក្រុមការងារ លោក លោកស្រីជាសប្បុរសជន និងសហ ការី និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដំបូលព្រះវិហារ និងបានរាប់បាត វេរប្រគេនបច្ច័យ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនព្រះសង្ឃចំនួន ៦៥ អង្គ។ ដោយឡែក លោក សៀង ណាំ បាននាំយកអង្ករចំនួន ៣០តោនមកចែកជូនបងប្អូនទូទាំងកោះសំរោងចំនួន ១ ៥០០គ្រួសារ រួមទាំងបងប្អូនដែលបានអញ្ជើញចូលរួមក្នុងពិធីចំនួន ៤០០នាក់ផងដែរ ៕
ដោយ ៖ សិលា