ភ្នំពេញ៖ ចំណតរថយន្តក្រុងរបស់រដ្ឋដែលមានទីតាំងនៅផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខបញ្ជាឱ្យរថយន្តបែនដឹកថ្មយកមកចាក់បិទមិនឱ្យរថយន្តក្រុងរបស់រដ្ឋចូលចតបានដោយមិនដឹងពីមូលហេតុឡើយ។
តាមការរៀបរាប់ពីលោកសៅ គឹមស៊ន ជាអ្នកបេីករថយន្តក្រុងរបស់រដ្ឋនៅគោលដៅខាងលេីបានឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានរថយន្តបែនដឹកថ្មមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3C-1908 បានដឹកថ្មមកចាក់ក្នុងចំណតរថយន្តក្រុងចំនួន៥រថយន្តនិងបិទជាប់រថយន្តក្រុងមួយគ្រឿងមិនអាចចេញបាន ដោយមិនដឹងពីមូលហេតុនៃការចាក់ថ្មនោះទេ។
ក្រោយពីមានសកម្មភាពចាក់ថ្មនោះមករូបគាត់ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែរ។ បន្ទាប់មកអាជ្ញាធរក៏បានចុះមកដល់ទីតាំងខាងលេី តែក្រុមរថយន្តបែនដឹកថ្មមិនឃេីញដឹកថ្មមកចាក់បន្តទៀតទេ។
សូមបញ្ជាក់ថា ទីតាំងខាងលេីជាចំណតរថយន្តក្រុងរបស់រាជរដ្ឋាភិបាលមិនមែនជាចំណតរថយន្តឯកជនណាមួយឡេីយ ហេីយជនដែលដឹកថ្មយកមកចាក់បិទចំណតរថយន្តក្រុងខាងលេីនេះក៏មិនដឹងថាជានរណាឱ្យពិតប្រាកដនិងមានបំណងអ្វីនោះទេ។
យេីងសង្កេតឃេីញថា ចំណតរថយន្តក្រុងខាងលេីមានបងប្អូនប្រជាពលរដ្ឋ សិស្សសាលា លោកតាលោកយាយបានធ្វេីដំណេីរតាមរយៈរថយន្តក្រុងទាំងនោះដែលជាហេតុធ្វេីឱ្យមានការកាត់បន្ថយថវិកាច្រេីនទៅលើការជិះយានយន្តឯកជន។
ដូចនេះប្រជាពលរដ្ឋនិងក្រុមតៃកុងរថយន្តក្រុងបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាស្រាវជ្រាវរកអ្នកដែលយកថ្មមកចាក់បិទចំណតរថយន្តក្រុងខាងលេីនេះយកមកសាកសួរអំពីមូលហេតុនៃការចាក់ថ្មនេះ។
ជំុវិញបញ្ហានេះផងដែរក្រុមការងារយេីងបានទាក់ទងទៅលោកហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យដែរតែមិនមានការឆ្លេីយតប៕
ដោយ៖សុខាសែនជ័យ