ព័ត៌មានទាន់ហេតុការណ៍៖

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តចប់)

ចែករំលែក៖

(ភាគបញ្ចប់)

  ចាប់ពីពេលនោះមក ខ្ញុំនៅធ្វើការវាយថ្មនៅភ្នំឈើកាច់ជារៀងរហូតហើយមិនដែលបានវិលមកមូលដ្ឋានភូមិអាគ្រាជនោះទេ។ ស្របពេលនោះដែរនៅតាមព្រំដែនខ្មែរ-វៀតណាម ក្នុងខេត្តព្រៃវែងនិងស្វាយរៀងឯណោះ សំឡេងផ្ទុះអាវុធប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពវៀតណាមនិងទ័ពខ្មែរក្រហម បានកើតមានយ៉ាងក្តៅគគុក។ គេឃើញទាហានខ្មែរក្រហមស្លាប់និងរបួសមិនតិចនាក់ ហើយអ្នកស្លាប់ត្រូវបានយុទ្ធមិត្តរបស់គេសែងនឹងអង្រឹងមកកប់ក្នុងភោជនីយដ្ឋានក្បាលថ្នល់(បច្ចុប្បន្នវិទ្យាល័យកំពង់ត្របែក)។ ចំណែកនៅភូមិភាគបូព៌ាខេត្តកំពង់ចាមនិងក្រចេះវិញ ចលនាអ្នកតស៊ូខ្មែរមួយក្រុមក៏បានកម្រើកឡើងប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យធ្វើឲ្យមានការរង្គោះរង្គើពេញផ្ទៃប្រទេស។

  ថ្ងៃទី ៦ មករាឆ្នាំ ១៩៧៩បានមកដល់ ខណ:ខ្ញុំកំពុងគាស់រំលើងដុំថ្មធំៗនៅលើកំពូលភ្នំឈើកាច់ទម្លាក់ទៅដី ខ្ញុំក្រឡេកទៅលើមេឃឃើញយន្តហោះមួយគ្រឿងហោះយ៉ាងខ្ពស់បានបាចត្រាក់សព្រាតពេញផ្ទៃមេឃ ដែលនេះជា ត្រាក់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ក្រោមការដឹកនាំតស៊ូរំដោះជាតិពីរបបខ្មែរក្រហមរបស់សមមិត្តហេងសំ រិន សមមិត្ត ជា ស៊ីម សមមិត្តហ៊ុន សែន និងអ្នកស្នេហាជាតិជាច្រើនទៀត។ មិនបានប៉ុន្មានផងស្រាប់តែមានឮសំឡេងរថក្រោះរបស់កងទ័ពវៀតណាមជាច្រើនគ្រឿង បានលូនសន្សឹមៗតាមបណ្ដោយផ្លូវជាតិលេខ ១ ពីព្រំប្រទល់វៀតណាម និងខេត្តស្វាយរៀងឆ្ពោះទៅក្រុងភ្នំពេញ រួមជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ មានដោតទង់ជាតិសម្គាល់ប្រាសាទកំពូលប្រាំបក់រវិចមកជាមួយផង ធ្វើឲ្យក្រុមទាហានខ្មែរក្រហម បាក់ទ័ពរត់ចោលជួរសឹងមិនទាន់។ ខ្ញុំត្រេកអរក្នុងពោះដោយគិតថាអ្នកមានបុណ្យមកជួយរំដោះជាតិនិងប្រជាជនហើយ។ ជាមួយនឹងភាពច្របូកច្របល់វរបស់ទាហានខ្មែរក្រហមមួយចំនួនដែលស្មោះស្ម័គ្រនឹងប៉ុល ពត កំពុងបាក់ទ័ពនោះ ខ្ញុំប្រញាប់ចាកចេញពីភ្នំឈើកាច់មកដល់តំបន់អ្នកលឿងត្រើយខាងកើតនៅវេលាម៉ោងប្រហែល 6 ល្ងាច។ ពេលនោះខ្ញុំឃើញកងទ័ពអាវខ្មៅដែលស្មោះស្ម័គ្រនឹងអង្គការបដិវត្តន៍កម្ពុជានៃរបបប៉ុល ពត ភ័យបាក់ស្បាតហើយដណ្ដើមគ្នារត់ឡើង ស្រឡាង(សាឡាង) ដែលមានតែមួយគ្រឿងរួមជាមួយរថយន្តយោធាពណ៌ត្រេអ៊ីសណ្ដោងកាំភ្លើងបាញ់យន្តហោះ 3 ទៅ 4 គ្រឿងនៅលើស្រឡាងផង។ស្រឡាងមិនបង្អង់យូរក៏ប្រញាប់ចាកចេញពីច្រាំងទន្លេទាំងតក់ក្រហល់ ព្រោះកងទ័ពវៀតណាមកំពុងប្រដេញប្រកៀកប្រកិតធ្វើឲ្យរថយន្តកងទ័ពរបស់ខ្មែរក្រហម ២ទៅ៣ គ្រឿងទៀតឡើងស្រឡាងមិនទាន់ក៏ជ្រុលល្បឿនធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់ឈឹងតែម្ដង។រីឯកងទ័ពថ្មើរជើងវិញ នាំគ្នាកាប់ដើមចេកស្ពាយកាំភ្លើងម្នាក់មួយដើមៗដើមហែលទឹកទន្លេមេគង្គឆ្លងឆ្ពោះទៅទិសខាងលិច ដោយខ្លះហែលរួចខ្លួន ឯខ្លះទៀតលង់ទឹកស្លាប់កណ្ដាលទន្លេយ៉ាងច្រើន ខណៈដែលកងទ័ពវៀតណាមនិងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិរួមគ្នាបាញ់យ៉ាងសន្ធាប់ និងបាញ់ថ្លោងទប់ស្កាត់ពីមុខដើម្បីបំបាក់ស្មារតីកងទ័ពខ្មែរក្រហមទាំងនោះ។ ក្នុងនោះដែរឃ្លាំងអាវុធដ៏ធំមួយកន្លែងរបស់ទ័ពខ្មែរក្រហមនៅខាងជើងតំបន់អ្នកលឿងត្រើយខាងកើតត្រូវក្រុមទាហានបរាជ័យទាំងនេះដុតបំផ្លាញចោលទាំងស្រុង ធ្វើឲ្យគ្រាប់កាំភ្លើងចម្រុះផ្ទុះកក្រើករហូតដល់ភ្លឺ។ មិនថាគេឬខ្ញុំនៅពេលនោះម្នាក់ៗព្រលឹងនៅចុងសក់ ហើយនាំគ្នាក្រាបលូនស្រែករកគុណម្តាយថ្លៃដើម្បីគេចពីគ្រាប់រំសេវដែលផ្ទុះនិងគ្រាប់រំសេវដែលកងទ័ពវៀតណាមប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម។

ក្រោយមក ជាឱកាសល្អមួយខ្ញុំខំលូនចេញពីតំបន់អ្នកលឿងខ្លាចគ្រាប់កាំភ្លើងហោះមកត្រូវហើយបានធ្វើដំណើរឆ្ពោះទៅទិសបូព៌ាជាភូមិកំណើតរបស់ខ្ញុំស្ថិតនៅភូមិអាគ្រាជ ឃុំព្រៃឈរ ស្រុកកំពង់ត្របែកជាមួយប្រជាជនថ្មីចាស់ជាច្រើនអ្នក។ លុះដល់ព្រឹកឡើងជាថ្ងៃ ៧ មករាឆ្នាំ ១៩៧៩ ខ្ញុំបានឮដំណឹងថា នៅក្នុងភ្នំពេញឯណោះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ សហការជាមួយកងទ័ពវៀតណាមបានរំដោះទាំងស្រុងហើយ។ ដំណឹងនេះធ្វើឲ្យខ្ញុំនិងប្រជាជនខ្មែរទូទាំងប្រទេសមានក្តីត្រេកអរនិងរំភើបឥតឧបមាដោយចាត់ទុកថាពេលនេះជាទំព័រប្រវត្តិសាស្រ្ត ពោលបានន័យថា របបគុកឥតជញ្ជាំងត្រូវបានជីកកប់ចាប់ពីពេលនេះតទៅ។ រូបខ្ញុំក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេសបានចាត់ទុកថ្ងៃ ៧ មករាឆ្នាំ ១០៧៩ ជា”តំណក់ទឹកភ្លៀងលាងគុកឥតជញ្ជាំង” ព្រោះថាទឹកភ្លៀងដ៏ត្រជាក់ត្រជុំ បានលាងរបបប្រល័យពូជសាសន៍ប៉ុល ពត អៀង សារី ខៀវ សំផន អប្រិយ៍ជានិរន្តរ៍ចាប់ពីពេលនេះទៅហើយ៕

(ចប់ដោយបរិបូណ៌)


ចែករំលែក៖