ខេត្តស្វាយរៀង៖ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងសាលាគណខេត្តស្វាយរៀង បានរៀបចំកម្មវិធីកាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក នាសម័យប្រឡងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមនិមន្តពី ព្រះមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្ត តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង នៅមណ្ឌលប្រឡងខេត្តស្វាយរៀង ស្ថិតនៅវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀងនាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២២។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង សូមធ្វើការណែនាំដល់ព្រះតេជគុណអស់លោកជាគណៈកម្មការប្រចាំមណ្ឌល ១- បេក្ខសមណៈ-បេក្ខជនទាំងអស់សូមចូលរួមអនុវត្តវិធិបង្ការ និងការពារជម្ងឺកូវីដ១៥ ដោយលាងដៃនឹងអាល់កុលឬសាប៊ូ និងពាក់មាសមុនពេលនិមន្តចូលបន្ទប់ប្រឡង។
២- ដើម្បីងាយស្រួលក្នុងការចេញវិញ្ញាបនបត្រប្រគេននិងជូនដល់បេក្ខសមណៈ-បេក្ខជនប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ឆ្នាំសិក្សា២០២១-២០២២នេះ ត្រូវនិមន្ត មកប្រឡងដោយខ្លួនឯង។ ហាមដាច់ខាត ឲ្យអ្នកដទៃមកប្រឡងជំនួស។
៣- ក្នុងពេលប្រឡងបេក្ខសមណៈ-សិស្សត្រូវមានឯកសារគ្រប់គ្រាន់ដូចជាៈ -សលាកបតមានបិទរូបថត 4×6 ចំនួន ០២ច្បាប់ ចំពោះបេក្ខជនជាគ្រហស្ត សូមមេត្តាផ្តល់រូបថតមាន ពាក់អាវសធម្មតា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាមិនទទួលយករូបថតដែលមានពាក់អាវធំឬអាវពណ៌សម្រាប់ចេញវិញ្ញាបនបតជូនទ។
៤- ពេលប្រឡងត្រូវពិនិត្យបញ្ជីរាយនាមបេក្ខសមណសិស្សដោយពិនិត្យមើលគោត្តនាម-នាម,នាមបញ្ញត្តិ ថ្ងៃខែឆ្នាំកំណើត, វស្សាព្រះផ្នួស, បង្កាន់ដៃសុំសិទ្ធិប្រឡង,ឈ្មោះសាលា និងទីតាំងសាលា ស្ថិតនៅ ឃុំ/សង្កាត់, ក្រុង/ស្រុក, ខេត្ត។
៥- បើបេក្ខសមណៈអង្គណាឬបេក្ខជនរូបណាគ្មានឯកសារគ្រប់គ្រាន់ទេអនុរក្សប្រចាំបន្ទប់នីមួយៗ.. មិនត្រូវអនុញ្ញាតឲ្យចូលបន្ទប់ប្រឡងឡើយ ឬត្រូវចុះអវត្តមានដោយស្វ័យប្រវត្តិ។
៦- មិនត្រូវអនុញ្ញាតឲ្យចុះឈ្មោះបន្ថែមនៅ ក្នុងពេលប្រឡង ឬលុបឈ្មោះពេចេញ ហើយដាក់ឈ្មោះថ្មី ជំនួស។
បន្ទាប់មក ព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្តបាននិមន្តកាត់បើកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯកនិងលើកទឹកចិត្តដល់បេក្ខសមណ:-បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងជូនពរប្រឡងទទួលបានលទ្ធផលជោគជ័យ ៕
ដោយ៖យឹម សុថាន