នៅថ្ងៃទី២៤ខែមេសា និស្សិតស្រីលង្ការរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ដោយបានដង្ហែរក្បួនទៅកាន់ផ្ទះនាយក Mahinda Rajapaksa ឡោមព័ទ្ធផ្ទះរបស់លោក ក្នុងគោលដៅទាមទារឲ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង ខណៈប្រទេសជាតិកំពុងតែ ជួបវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ។
ជាច្រើនខែកន្លងមក ពលរដ្ឋមិនមានអគ្គិសនីប្រើប្រាស់នោះឡើយ និងកង្វះថាមពលប្រេង ស្បៀងអាហារ …ធ្វើឲ្យពលរដ្ឋកាន់តែខកចិត្តខ្លាំងឡើង។ ប្រទេសស្រីលង្កា បានប្រឈមនិងវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក។
នៅក្នុងបាតុកម្មកាលពីថ្ងៃទី២៤ខែមេសា មានក្រុមនិស្សិតបានផ្លោះរបងចូលទៅកាន់ផ្ទះនាយករដ្ឋន្ត្រី Rajapaksa ក្នុងរដ្ឋធានី Colombo បន្ទាប់ពីកម្លាំងប៉ូលិសបង្កើតរបងការពារយ៉ាងតឹងតែងទប់ស្កាត់ ក្រុមបាតុករ ផ្សេងគ្នា បូកបញ្ចូលតែមួយក្លាយជាមហាបាតុកម្មពិបាកក្នុងការទប់ស្កាត់ ។
និស្សិតមួយរូបដែលចូលរួមធ្វើបាតុកម្ម មិនបញ្ចេញឈ្មោះបានឲ្យដឹងថា « អស់លោកអាចបិទផ្លូវ ប៉ុន្តែមិនអាចបិទការតស៊ូ រហូតដល់រដ្ឋាភិបាលត្រូវបានរំសាយដើម្បីរៀបចំការបោះឆ្នោតជាថ្មី»។ ជាមួយគ្នានេះដែរ ក៏មានបាតុករមួយរូបផ្សេងទៀត បានលើកស្លាកបដា សរសេរថា«សូមទៅផ្ទះវិញទៅGota។
ក្នុងរយៈពេល២សប្តាហ៍កន្លងមក មានពលរដ្ឋរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម នៅខាងក្រៅវិមានប្រធានាធិបតី Gotabaya Rajapaksaទាមទារឲ្យពីរនាក់បងប្អូន ប្រធានាធិបតីលាលែងចេញពីតំណែង ។ កាលពីចុងស្តាហ៍កន្លងមក មានបាតុករម្នាក់រងការបាញ់សម្លាប់ នៅតំបន់ Rambukkana ហើយនេះគឺជាករណីស្លាប់បាតុករលើកដំបូងចាប់តាំងពីផ្ទុះបាតុកម្ម៕ដោយ៖ ធីរីណា
រូបថត ៖ Times of Israel