ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣

ចែករំលែក៖

ភ្នំពេញ : នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។ 

ក្នុងជំនួបនេះផងដែរ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ដោយបានអនុញ្ញាតឲ្យបានជួបសំដែងការគួរសមផង និងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាផង ។ អ្នកឧកញ៉ា ចេន ហ្ស៊ី បានគោរពជម្រាបជូនសម្ដេចតេជោពីអាជីវកម្មរបស់ក្រុមហ៊ុនខាងលើ ដែលរួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់ឡូជីស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍អ្នកឧកញ៉ា ចេន ហ្ស៊ី ក្រុមហ៊ុន China investment, ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុន គួរអាន ហើយបានជម្រាបជូនលោក ចេន ហ្ស៊ី និងប្រតិភូដឹកនាំក្រុមហ៊ុនទាំង៣ ថា បរិយាការវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយមូលហេតុទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ, ទី២-កម្ពុជា មានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ, ទី៣-កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ, ទី៤-កម្ពុជា មិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា គឺអនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង និងទី៥-កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ។ 

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឲ្យអ្នកឧកញ៉ា ចេន ហ្ស៊ី និងប្រតិភូ ធ្វើការស្វែងយល់បន្ថែមទៀតពីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំពីទិសដៅវិនិយោគនៅកម្ពុជា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖