ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូបណ្តាលឱ្យមន្រ្តីនគរបាលមានឋានៈជាមេបុស្តិ៍ម្នាក់បានស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៣៥នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ចាម2B-6819 បើកបរដោយឈ្មោះអឿន សុវ៉ាត់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរកាគយ(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដឹកធុងអុកស៊ីហ្សែន បើកបរដោយប្រើប្រាស់ល្បឿនលឿន បានបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាលI-9681 បើកបរដោយឈ្មោះទឹម សុធា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ(នាយប៉ុស្តិ៍កោះរកា)រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មុនពេលមានគ្រោះថ្នាក់លោកមេប៉ុស្តិ៍បានចុះប្រតិបត្តិការដេញតាមរថយន្តដែលពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយក៏ជួបគ្រោះថ្នាក់ដោយសាររថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2B-6819 បានបើកបុកគាត់តែម្ដង។
មូលហេតុ: អ្នកបើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ស ដឹកធុងអុកស៊ីហ្សែន ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ករណីបណ្ដាលឱ្យលោកទឹម សុធា ជានាយប៉ុស្តិ៍ រងរបួសកម្រិតធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត លុះក្រោយមកក៏បានស្លាប់ ។
វត្ថុតាងទាំង០២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកកំពង់សៀម ចំណែកអ្នកបើកបររថយន្តបង្កហេតុបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកកំពង់សៀម ៕
ដោយ៖អ្នកប្រមាញ់