ព័ត៌មានទាន់ហេតុការណ៍៖

ពលករ៧៤នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនមកសួរនាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ទប់ស្កាត់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់០២ករណីសរុបចំនួន៧៤នាក់ ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា៖ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញបទបញ្ជាដល់វរសេនាតូចនគរបាលការពារព្រំដែន យកចិត្តទុកដាក់ទប់ស្កាត់បង្រ្កាបបទល្មើសតាមព្រំដែន និងការលួចឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរក្នុងបរិបទយុទ្ធការប្រយុទ្ធប្រឆាំងការដាលរាលជម្ងឺកូវីដ-១៩។  នៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ការពារព្រំដែនអូរសាយ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន៦៥នាក់ នៅចំណុច ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួកនិងនៅថ្ងៃទី២៦ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រកម្លាំងនគរបាលប៉ុស្តិ៍អូរសាយ ទប់ស្កាត់បានចំនួន០៩នាក់បន្ថែមទៀត សរុបចំនួន៧៤នាក់ ស្រី៣០នាក់។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ចាក់ថា៖ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលយើងបានធ្វើការស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំផ្លូវ តែពុំទទួលបានលទ្ធផលនោះទេពួកគាត់ពុំមានមេខ្យល់នាំផ្លូវនោះឡើយ ។ក្រោយពីធ្វើការសួរនាំរួច នៅវេលាម៉ោង០៨និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានបញ្ជូនពួកគាត់ទៅឲ្យនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត ៕

ដោយ ៖ វណ្ណា


ចែករំលែក៖