ព័ត៌មានទាន់ហេតុការណ៍៖

Chiellini របស់​អុីតាលី​នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​បន្ទាប់​ពីប្រកួតមិត្តភាពជាមួយ​អាហ្សង់ទីន

ចែករំលែក៖

ខ្សែការពារសញ្ជាតិអ៊ីតាលី Giorgio Chiellini នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិបន្ទាប់ពីកីឡាករជម្រើសជាតិអ៊ីតាលីជាម្ចាស់ជើងឯកអឺរ៉ុបរូបនេះប្រកួតមិត្តភាពជាមួយសមភាគីអាមេរិកខាងត្បូងអាហ្សង់ទីននៅកីឡដ្ឋាន Wembley ក្នុងខែមិថុនាខាងមុខ។

ការខកខានរបស់អ៊ីតាលីក្នុងការប្រកួត World Cup ឆ្នាំនេះនៅប្រទេសកាតា ហាក់ដូចជាបានពន្លឿនការសម្រេចចិត្តរបស់ខ្សែការពារ Juventus វ័យ៣៧ឆ្នាំរូបនេះដោយការប្រកួតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននៅទីក្រុងឡុង ជាកន្លែងដែលអ៊ីតាលី បានឈ្នះជើងឯកទ្វីបអឺរ៉ុបកាលពីខែកក្កដាកន្លងទៅគឺជាការប្រកួតចុងក្រោយរបស់គាត់ដែរ។

Chiellini បានប្រាប់និយាយបន្ទាប់ពីការទទួលជ័យជម្នះ ២-១ របស់ Juventus នៅលើទឹកដី Sassuolo ក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃចន្ទទី២៦ មេសាថា “ខ្ញុំនឹងនិយាយលាក្រុមជម្រើសជាតិនៅ Wembley ដែលជាកន្លែងដែលខ្ញុំទទួលបានបទពិសោធន៍ខ្ពស់បំផុតនៃអាជីពរបស់ខ្ញុំក្នុងការឈ្នះពានរង្វាន់ Euro។ ខ្ញុំចង់និយាយលាទៅកាន់សមាជិកក្រុមជាមួយនឹងការចងចាំដ៏ល្អ នោះនឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយអ៊ីតាលី”។

ជាមួយនឹងការបង្ហាញខ្លួន១១៦លើកសម្រាប់ក្រុមជម្រើសជាតិ កីឡាករChiellini ជាប់ចំណាត់ថ្នាក់ទី៥ក្នុងតារាងក្រុមជម្រើសជាតិអ៊ីតាលីដែលបង្ហាញខ្លួនគ្រប់ពេលជាមួយអតីតកីឡាករ Andrea Pirlo ដែលមានតែ Daniele De Rossi, Paolo Maldini, Fabio Cannavaro និង Gianluigi Buffon នាំមុខគេក្នុងក្រុមអ៊ីតាលី។ ខ្សែការពារជើងចាស់ដែលកំពុងលេងឲ្យក្រុម Juventus មិនបានសម្រេចចិត្តថាតើត្រូវបន្តអាជីពក្លិបរបស់គាត់ឱ្យលើសពីរដូវកាលនេះទេ។

កីឡាករ​ Chiellini ​បាន​បន្ថែម​ទៀត​ថា “ស្នេហា​របស់​ខ្ញុំ​ជាមួយ Juventus មិន​ទាន់​ចប់​ទេ វា​នឹង​មិន​ចេះ​ចប់។ ពិតណាស់ចាប់ពីពេលនេះរហូតដល់ចប់រដូវកាល ខ្ញុំត្រូវតែវាយតម្លៃគ្រប់យ៉ាង និយាយជាមួយគ្រួសាររបស់ខ្ញុំអំពីអ្វីដែលល្អបំផុត។ តោះយើងឈានដល់ចំណាត់ថ្នាក់លេខ៤ (នៅ Serie A) ជាមុនសិន ហើយឈ្នះពាន Coppa Italia បន្ទាប់មកយើងនឹងអង្គុយជាមួយគ្រួសាររបស់ខ្ញុំនៅផ្ទះ និង Juventus ដើម្បីស្វែងយល់ពីអ្វីដែលល្អបំផុតសម្រាប់អ្នករាល់គ្នា។ វាគឺដូចគ្នាកាលពីរដូវក្តៅមុន ខ្ញុំបានចំណាយពេល ហើយមិនបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរហូតដល់ក្រោយយូរ៉ូ។ នៅអាយុរបស់ខ្ញុំ អ្នកមិនអាចមើលទៅវែងឆ្ងាយពេកទេ ប៉ុន្តែនោះគ្រាន់តែជាធម្មជាតិប៉ុណ្ណោះវាមិនអីទេ”។

គួរបញ្ជាក់ថា ក្រុម Juventus ឈរនៅលេខរៀងទី៤ មាន៨ពិន្ទុដាច់ពីក្រុមលេខ៥ AS Roma ដោយមានការប្រកួតចំនួន៤ដែលនៅសល់ក្នុងការប្រជែងយកកៅអី Champions League រដូវកាលក្រោយ។ ក្រុមសេះបង្កង់ Juventus ត្រូវជួប Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រ CoppaItalia នៅថ្ងៃទី១១ ខែឧសភាខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖