ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ ភ្នំឈ្ងោកនៅខេត្តស្ទឹងត្រែង តូចពិតតែសម្បូរកន្លែងទេសចរណ៍

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ គ្រប់គ្នាធ្លាប់តែឮភ្នំឈ្ងោកនៅខេត្តកំពត តែនៅឯខេត្តស្ទឹងត្រែងឯណេះវិញ ក៏មានភ្នំឈ្ងោកមួយដែរ ខណៈសណ្ឋានរូបរាងគឺប្រហាក់ប្រហែលគ្នាដែរ ពោលគឺជាភ្នំក្រោមទឹកសមុទ្រកាលពីអតីតដូចគ្នា ប៉ុន្តែភ្នំឈ្ងោកនៅខេត្តស្ទឹងត្រែងនេះគឺសម្បូរទៅដោយកន្លែងទេសចរណ៍ច្រើនគួរសម ដែលសុទ្ធតែផ្សារភ្ជាប់ជាមួយធម្មជាតិ ឬអាចនិយាបានថាដើរលេង១ថ្ងៃ២ថ្ងៃសឹងតែមិនសព្វឡើយ។ នេះបើយោងតាមផេកផ្លូវការក្រសួងទេសចរណ៍ បញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ 

ក្រសួងទេសចរណ៍លើកឡើងថា, ភ្នំឈ្ងោកនេះ គឺស្ថិតក្រោមការការពាររបស់សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិសាស្ត្រឃុំឆ្វាង ស្រុកថាឡាបរិវ៉ាត់ (ធារាបវ៌្វត) ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។

ក្នុងពេលផ្ដល់បទសម្ភាសនៅជិតជើងភ្នំឈ្ងោកនោះស្រាប់ លោកអ៊ំ ញាន ផន ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ បានឱ្យដឹងថា នៅពេលភ្ញៀវទេសចរមកដល់ភ្នំឈ្ងោកនេះ ដំបូងពួកគេអាចចូលទៅមើលល្អាងប្រចៀវដ៏ធំសម្បើមមួយនៅក្នុងព្រៃក្រោមជើងភ្នំ ដែលនៅមិនឆ្ងាយពីបរិវេណជើងភ្នំនោះឡើយ។ ដើរក្រោមព្រៃឈើចូលទៅដល់ជិតមាត់រូង ក្លិនលាមកប្រចៀវឆ្អាបឈួល។ នៅពេលទៅដល់ល្អាងនេះ ឮសំឡេងប្រចៀវខ្ញៀវខ្ញាពីក្នុងរូង ខណៈមាត់ល្អាងឃើញថាមានថ្មច្រូងច្រាងសំយុងពីលើជាប់នឹងភ្នំ ដែលសឹកច្រោះដោយសារកម្លាំងទឹកសមុទ្របោកបុកកាលពីអតីត។ ចូលទៅក្នុងល្អាងជ្រៅបន្តិចកាន់តែងងឹតស្លប់ គួរឲ្យព្រឺព្រួច តែមិនមានគ្រោះអ្វីឡើយ ដោយភ្ញៀវត្រូវប្រើប្រាស់ពិលបំភ្នឺ ទើបងាយស្រួលក្នុងការដើរមើល។

ចេញពីល្អាងប្រចៀវនេះ ភ្ញៀវទេសចរអាចបន្តទៅទស្សនាល្អាងបង-ល្អាងអូន ដោយឡើងតាមជណ្ដើរឈើរាងចោតប្របតាមចម្រាក់ថ្មភ្នំ មុនចូលទៅដល់មាត់ល្អាង។ ល្អាងទាំងពីរនេះគឺនៅដាច់ពីគ្នា តែនៅជិតគ្នាទេ នៅពេលចូលទៅដល់ខាងក្នុងគឺសីតុណ្ហភាពត្រជាក់ស្រឹប។ កំណកតំណក់ទឹកលាយថ្មកំបោរនៅក្នុងល្អាង បានបង្កើតជាមានរូបអវយុវមនុស្ស-ស្រី ដោយនៅល្អាងបង រូបនោះមានលក្ខណៈដូចរូបត្រឹមចង្កេះមនុស្សប្រុសអង្គុយសំយុងជើង រីនៅក្បែរនោះដែរ (ក្នុងល្អាងបងដូចគ្នា) ក៏មានបាតុភូតកំណកដូចគ្នា ហើយបង្កើតបានជារូបក្បាលដំរីតូចល្មម។ ចំណែកនៅល្អាងអូនមានរូបអវយុវភេទស្រី ហើយសីតុណ្ហភាពត្រជាក់ហើយសើម ដោយហេតុទឹកជ្រាបច្រើនជាងល្អាងបង។ បើតាមលោកអ៊ំ ញាន ផន ដោយសាររូបរាង និងលក្ខណៈពិសេសទាំងនេះហើយ ទើបអ្នកស្រុកសន្មតហៅឈ្មោះថា «ល្អាងបង-ល្អាងអូន»។

ចុះពីល្អាងបងល្អាងអូននោះមកដល់ជើងភ្នំវិញ ក៏ដើរបត់ស្ដាំ ហើយឡើងតាមជណ្ដើរឈើ និងបន្តឡើងតាមចម្រាក់ថ្មរដិបរដុប តោងតាមខ្សែពួរផង តោងដើមឈើផង ស្រវាខ្ញាំតោងថ្មផង ដើម្បីឡើងទៅកាន់ជ្រលងភ្ជាប់និស្ស័យ ដែលនៅជិតកំពូលភ្នំកម្ពស់ប្រមាណ១០០ម៉ែត្រ និងមើលទេសភាពព្រៃឈើដ៏ធំលាតឆ្ងាយដាច់កន្ទុយភ្នែក។ លោកអ៊ំប្រធានសហគមន៍បានបន្តទៀតថា នៅពេលមើលទេសភាពទាំងនេះហើយ ភ្ញៀវទេសចរតែងចង់ភ្ជាប់និស្ស័យតស៊ូឡើងតោងតាមជម្រាលថ្មច្រូងច្រាងខ្លីៗ ដើម្បីសម្រេចប្រាថ្នាទៅមើលជ្រលងថ្មលើភ្នំរាងកោងដូចអង្រឹង ឬដូចស្ពាន ហើយនៅពេលដើរកាត់ជ្រលងប្រហែល៥ជំហាននោះ គឺប្រៀបដូចភ្ជាប់អារម្មណ៍ពីម្ខាងទៅម្ខាង។ ហេតុនេះហើយទើបគេសន្មតហៅជ្រលងនោះថា «ជ្រលងភ្ជាប់និស្ស័យ»។

លោកអ៊ំ ញាន ផន បានរៀបចំបន្តថា ក្រៅពីទីកន្លែងទេសចរណ៍ខាងលើនេះ ភ្នំឈ្ងោកក៏នៅមានទីកន្លែងទស្សនាច្រើនទៀត ដូចជា ល្អាងអន្សង ល្អាងឥសីសំណាក់ធម៌ ល្អាងលោកសឹង ការទស្សនាព្រៃព្រឹក្សា ទស្សនាសត្វព្រៃ ដូចជា ទន្សោង រមាំង សត្វស្លាបផ្សេងទៀតជាដើម។

ក្រៅពីផលិតផលទេសចរណ៍ទាំងនេះ ប្រជាសហគមន៍ក៏នៅមានបម្រើសេវាកម្មជិះគោយន្ត ជិះម៉ូតូដើរទស្សនាព្រៃសហគមន៍ សេវាកម្មជូនភ្ញៀវឡើងទៅមើលទីផ្សេងៗដូចមានរៀបរាប់ខាងលើ ហើយប្រសិនបើភ្ញៀវទេសចរចង់ទទួលទានអាហារសហគមន៍ ភ្ញៀវទេសចរអាចតេទៅកម្មង់មុនបាន ពួកគាត់នឹងរៀបចំជូន។ ប្រជាសហគមន៍ រួមទាំងលោកអ៊ំប្រធានសហគមន៍ផង គឺសុទ្ធតែមានដូនតាជាជនជាតិដើមភាគតិចកួយ ប៉ុន្តែបច្ចុប្បន្នពួកគាត់និយាយភាសាខ្មែរ ជាមួយជីវភាពរស់នៅក៏មិនខុសពីជនជាតិខ្មែរឡើយ។

ប្រធានសហគមន៍វ័យជាង៦០ឆ្នាំរូបនេះបានបញ្ជាក់ថា ការចូលរួមទៅទស្សនារបស់ភ្ញៀវទេសចរ និងការជួយជ្រោមជ្រែងពីសំណាក់អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) អង្គការ CEPA អង្គការ RECOFTC គឺបានចូលរួមជួយការពារព្រៃឈើ សត្វព្រៃបន្តទៅមុខទៀត បន្តនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិនៅសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ព្រមទាំងបានជួយមួយចំណែកក្នុងជីវភាពរស់នៅរបស់ប្រជាសហគមន៍ផងដែរ៕

ប្រភព ៖ ក្រសួងទេសចរណ៍


ចែករំលែក៖