ព័ត៌មានទាន់ហេតុការណ៍៖

ដង្ហែក្បួនរថយន្តសាសនាប៉ះខ្សែភ្លើងឆក់ស្លាប់និងរបួសជិត៣០នាក់នៅឥណ្ឌា

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ១១នាក់ស្លាប់និង១៥នាក់រងរបួសនៅក្នុងហេតុការណ៍ដង្ហែក្បួនរថយន្តនៃសាសនាហិណ្ឌូទៅប៉ះជាមួយខ្សែភ្លើង ។
ហេតុការណ៍ខាងលើកើតឡើង នៅព្រឹកថ្ងៃទី២៧ខែមេសា ក្នុងពេលដែលក្បួនរថយន្តដង្ហែឆ្លងកាត់ខណ្ឌ Thanjavur នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ពិធីនេះត្រូវបានរៀបចំឡើងដោយព្រះវិហាហិណ្ឌូមួយនៅក្នុងតំបន់។
ក្បួនរថយន្តបានតុបតែងយ៉ាងល្អ មានកម្ពស់ដល់ទៅ ២,៧ម៉ែត្រ ហើយពេលដង្ហែក៏ចៃដន្យប៉ះជាមួយខ្សែភ្លើងបណ្តាលឲ្យឆក់មនុស្ស១១នាក់ស្លាប់ ក្នុងនោះមានកុមារពីរនាក់។ ក្រៅពីនេះក៏មានមនុស្ស១៥នាក់រងរបួសដែរ ក្នុងនោះមាន៣នាក់រងរបួសធ្ងន់។
កាលពីឆ្នាំ២០១២ ក៏ធ្លាប់មានករណីស្រដៀងគ្នាដូចខាងលើបានកើតឡើងផងដែរ នៅឯទីក្រុងវេឡោរ៉េ (Vellore) នៃរដ្ឋ Tamil Nadu ដោយក្នុងករណីនោះមានមនុស្ស៥នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Twitter


ចែករំលែក៖