ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង៤នាក់ចុះលេងទឹករណ្ដៅដីលង់ស្លាប់ម្នាក់នៅក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្មេង៤នាក់បានចុះលេងទឹករណ្ដៅដីបណ្តាលឱ្យលង់ស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងវេលារសៀលនៅក្នុងស្រុករមាសហែក។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២២ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំអំពិល ស្រុករមាសហែក។

   យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះខាយ វាសនា អាយុ១០ឆ្នាំ រស់នៅភូមិត្រពាំងប្រីយ៍ ឃុំអំពិល ស្រុករមាសហែក។

    តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានក្មេង៤នាក់ ក្នុងនោះមានទី១-ឈ្មោះរ៉ន ចំរ៉ុង ភេទប្រុស អាយុ៩ឆ្នាំ,

ទី២-ឈ្មោះរ៉ន ចំរើន ភេទប្រុស អាយុ៩ឆ្នាំ, ទី៣-ឈ្មោះផាន និតមុន្នីអាយុ១០ឆ្នាំ និងទី៤-ឈ្មោះខាយ វាសនា បាននាំគ្នាចុះលេងទឹកក្នុងរណ្ដៅដីមួយកន្លែងយ៉ាងសប្បាយតាមលក្ខណៈកូនក្មេង។

   ប្រភពបន្តថា ក្រោយមកស្រាប់តែឈ្មោះខាយ វាសនា បានលង់លិចទៅក្នុងទឹកបាត់ បង្កការភ្ញាក់ផ្អើលដល់ក្មេងទាំងបីដែលលេងទឹកជាមួយគ្នាប្រញាប់ប្រញាល់ឡើងគោករត់ទៅភូមិនិងស្រែកហៅមនុស្សចាស់ឱ្យទៅជួយនិងចុះស្រង់យកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែករមាសហែក តែពេលមកដល់គ្រូពេទ្យបានពិនិត្យមើលឃើញថាជនរងគ្រោះបានស្លាប់ទៅហើយ។

   តាមការពិនិត្យសពសមត្ថកិច្ចនគរបាលផ្នែកជំនាញនិងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែករមាសហែកបានបញ្ជាក់ថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖