ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជូនខ្លួនក្រុមជនស្ស័យដែលធ្វើសកម្មភាព លួច ឆក់ ប្លន់ យ៉ាងសកម្មទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ។
សូមបញ្ជាក់ថា ក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពលួចឆក់ប្លន់យ៉ាងសកម្មនៅទីក្រុងភ្នំពេញត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកអធិការរង ចុះបង្ក្រាបនិងឃាត់ខ្លួនបាន៣នាក់ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជួលមួយកន្លែង តាមបណ្ដោយផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាការចុះបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាលួច ឆក់ប្លន់ ម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញនេះ ដែលមានជនរងគ្រោះមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ រហូតមានការស៊ើបអង្កេត ឈានដល់ការ ឆ្មក់ចុះបង្ក្រាបតែម្តង។
ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់ស្រីម្នាក់ និង ដកហូតវត្ថុតាងរួមមាន ស្លាកលេខម៉ូតូមួយចំនួន និង មួកសុវត្ថិភាពមួយចំនួនផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យ និង វត្ថុតាងត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ រ៉ារ៉ា