ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្រោយជួបឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់នៅពេលដើររើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងភ្លៀងរលឹម។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចបឹងអំពិល ស្ថិតក្នុងក្រុមទី១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
ជនរងគ្រោះមានឈ្មោះ សុខ នឹង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទ្បបាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមកស៊ីឈ្នួលរើសគ្រាប់ផ្លែចន្ទីនៅចំណុចភូមិ-ឃុំខាងលើ ហើយត្រូវបានរន្ទះបាញ់បណ្តាលឱ្យស្លាប់ខណៈដែលជនរងគ្រោះកំពុងតែរើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងភ្លៀងរលឹម។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលទទួលបានដំណឹងភ្លាម កម្លាំងផ្នែកជំនាញកោសល្យវិច័យបានចុះទៅពិនិត្យសព ព្រមជាមួយនឹងការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិនៃសពដែលបានបញ្ជាក់ថា សពឈ្មោះ សុខ នឹង ពិតជាបានស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ចន្ទ លីហ្សា