ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​សមត្ថកិច្ចជំនាញ​ឃាត់ខ្លួន​មនុស្ស៥១នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ចែករំលែក៖

   ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាល​ជំនាញនៅទូទាំងប្រទេសកម្ពុជា​ បានឃាត់ខ្លួនមនុស្សចំនួន​ ៥១នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ។

   អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា៖ ក្នុងចំណោមជនសង្ស័យទាំង៥១នាក់នោះមាន១៥នាក់ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ ៣៦នាក់ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន១០ករណី។

    នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។​ ទន្ទឹមនឹងនេះ​ លោកអ្នកនាំពាក្យរូបនេះ​ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាន៕

ដោយ​៖អរុណ​រះ


ចែករំលែក៖