លីគបាល់កំពូលរបស់ប្រទេសអ៊ុយក្រែនបានប្រកាសថា រដូវកាលក្របខ័ណ្ឌ Premier League របស់អ៊ុយក្រែន (UPL) ត្រូវបានបញ្ចប់ ហើយពានរង្វាន់នឹងមិនត្រូវបានផ្តល់ជូនក្រុមណាមួយទេ ដោយសារការបន្តច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស។ គ្មានការប្រកួតណាមួយត្រូវបានលេងចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ។
ការប្រកួតជុំចុងក្រោយត្រូវបានលេងកាលពីខែធ្នូ មុនពេលលីគបានសម្រាករយៈពេល៣ខែ។ ក្រុម Shakhtar Donetsk បានឈរនៅលើកំពូលតារាងលីគដោយមាន៤៧ពិន្ទុពី១៨ប្រកួតដែលមានពីរពិន្ទុនាំមុខក្រុម Dynamo Kyiv ។
លីគកំពូលអ៊ុយក្រែន UPL បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិបបាល់ទាត់នៃក្របខ័ណ្ឌ Premier League របស់អ៊ុយក្រែនបានគាំទ្រសំណើដើម្បីបញ្ចប់រដូវកាល២០២១-២០២២ ចាប់តាំងពីការប្រកួតជើងឯកមិនអាចបញ្ចប់ដោយសារតែការបន្តនៃច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសអ៊ុយក្រែន ស្របជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី” ។
សេចក្តីថ្លែងការណ៍បន្តថា “តារាងពិន្ទុគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នឹងក្លាយជាចំណាត់ថ្នាក់ចុងក្រោយនៃរដូវកាល ២០២១-២០២២ដោយមិនមានក្រុមឈ្នះណាត្រូវបានផ្តល់រង្វាន់នោះទេ។ ការសម្រេចចិត្តដែលត្រូវគ្នាត្រូវបានដាក់ស្នើសម្រាប់ការអនុម័តដោយគណៈកម្មាធិការប្រតិបត្តិនៃសមាគមបាល់ទាត់អ៊ុយក្រែន”។
គួរបញ្ជាក់ថា កាលពីរដូវកាល២០២០-២០២១ ក្រុម Dynamo Kyiv គឺជាម្ចាស់ជើងឯកលីគកំពូលអ៊ុយក្រែន ដែលឥឡូវនេះបានឈរចំណាត់ថ្នាក់លេខ២។ ក្រុមកំពូលទាំង២គឺក្រុម Shakhtar Donetsk និង Dynamo Kyiv រដូវកាលនេះទទួលបានកៅអីវគ្គជម្រុះសម្រាប់ក្របខ័ណ្ឌChampions League រដូវកាលក្រោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)