ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែ​អាណាព្យាបាល​ខ្វះការប្រុងប្រយ័ត្ន​ ធ្វើ​ឱ្យកុមារា​អាយុ​ជាង១ឆ្នាំ​ម្នា​ក់ លង់ទឹក​ស្លាប់នៅក្នុងធុ​ង​ជ័រ​ខាងក្រៅផ្ទះ

ចែករំលែក៖

ខេត្ត​ប៉ៃលិន៖ គួរឱ្យ​អាណោចអាធ័ម​ណាស់លោក​អេីយ​! ព្រោះតែ​ធ្វេសប្រហែស​មួយភ្លែត​ បណ្ដាលឱ្យ​កុមារា​ម្នាក់​ អាយុ​ទេីបជាង១ឆ្នាំ​ បាន​លង់ទឹក​ស្លាប់​នៅក្នុងធុ​ង​ជ័រ​ខាងក្រៅផ្ទះ​ ខណៈ​​ឪពុក​ម្តាយ​ទៅធ្វើ​ការងារ​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​ ដេីម្បី​ចិញ្ចឹម​គ្រួសារ​​ ដោយ​ទុក​កូន​ឱ្យ​​រស់នៅ​ជាមួយនឹងលោកយាយ​លោកតាភ្លេចខ្លួន​មួយភាំង ស្រាប់តែ​ក្មេង​ប្រុស​តូច​ម្នាក់​នេះ អោន​ក្បាល​ចូល​ទៅ​ក្នុង​ធុង​ជ័រ​មាន​ទឹក​តែម្តង​។ 

ករណី​ខាងលើ​នេះ​ បានកេីតឡេីង​នៅកាលពី​វេលា​ម៉ោ​ង០៥ និង៣០នាទី​ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅ​ចំណុច​ភូ​មិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ សព​ក្មេង​រងគ្រោះ​ឈ្មោះ ឡាយ មួយ ភេទប្រុស អាយុ០១ឆ្នាំ០៨ខែ មាន​ទី​លំ នៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ-ឃុំ​ខាងលើ​។ 

របាយការណ៍​ដដែល​ បានបន្តថា​ មុន​ពេល​កើតហេតុយាយ​របស់​ក្មេង​រង​គ្រោះបាន​សម្រាក​នៅ​ខាងមុខ​ផ្ទះ ដោយ​ចាំយាម​ចៅ​មិន​ឱ្យ​​ចេញទៅ​ខាង​ក្រៅ​របង។ ចំណែក​ឯលោកតាវិញ​ កំពុង​​​ដេក​នៅ​ខាងក្នុង​ផ្ទះ មិន​ឱ្យ​ចៅ​រើក​កាយ​សម្ភារ​ក្នុង​ផ្ទះ​ ខណៈ​នោះ​ពួកគាត់ភ្លេចខ្លួន​មួយភ្លែត ស្រាប់តែ​ចៅ​បាន​ចេញទៅ​លេង​ធុង​ជ័រ​ដាក់​ទឹក​ខាងក្រៅ​ផ្ទះ បណ្ដាលឱ្យ​ធ្លាក់​ក្បាល​ចូលក្នុង​ធុងទឹក​ស្លាប់តែម្តង។

ក្រោយ​កេីត​ហេតុ​ កម្លាំងនគរបាល​ជំនាញ​ បានចុះធ្វេី​កោសល្យវិច័យ​នៅកន្លែងកើតហេតុ​ រួច​បានបញ្ជាក់ថា​ ក្មេង​ប្រុស​រងគ្រោះ​ពិតជាស្លាប់ដោយសារលង់ទឹក​ពិតប្រាកដមែន​។

​បច្ចុប្បន្ន សព​ត្រូវ​បាន​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​ភូមិ-ឃុំ ខាងលើ​៕

ដោយ​៖អារុណ​រះ


ចែករំលែក៖