ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនខ្លួនមន្ត្រីកងរាជអាវុធត្ថចំនួន ២នាក់ ទៅកាន់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់ពីចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស នៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿងញៀន។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា នាយអាវុធហត្ថដែលឃាត់ខ្លួននោះរួមមាន៖ ទី១.ឈ្មោះ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងទី២.នាយចំណង់ឈ្មោះ មៀម ណាក់ ជំនួយការណ៍ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួននិងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។
បេីតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះថា៖ “ការប្រព្រឹត្តបទល្មើសរបស់អាវុធហត្ថ នាយអាវុធហត្ថដែលរកឃើញនៅខេត្តសៀមរាប ពាក់ព័ន្ធនឹង២នាក់នេះ គឺដោយគាត់បំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តែតាមការស្រាវជ្រាវរបស់គណៈកម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថបានរកឃើញថា គាត់ប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងសង្កត់ធ្ងន់ថា៖ ដូច្នេះ កងរាជអាវុធហត្ថធ្វើការបង្ក្រាបតែម្តងដោយមិនចាំបាច់ឱ្យអង្គភាពណាមកបង្ក្រាបទេ គឺអាវុធហត្ថយកការទទួលខុសត្រូវដោយខ្លួនឯង គឺអនុវត្តនៅប្រសាសន៍សម្តេច គឺងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល ហើយនិងវះកាត់ ។ អភិក្រមរបស់សម្តេចត្រូវយកមកអនុវត្ត”។
ដោយឡែកជុំវិញករណីនេះដែរ លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសានេះថា៖ បច្ចុប្បន្ន តុលាការកំពុងសួរនាំនាយអាវុធហត្ថទាំងពីររូបនេះ៕
ដោយ៖ហេង សុរិយា