ខេត្តបន្ទាយមានជ័យ ៖ ជូនដំណឹង! ច្រកទា្វរអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិភ្នំដី បើកដំណើរការឲ្យឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែឧសភា សម្រាប់អ្នកមានលិខិតឆ្លងដែន បណ្ណព្រំដែន និងកាតចាក់វ៉ាក់សាំងកូវីដ-១៩ ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា, បើតាមលិខិតរបស់រដ្ឋបាលខេត្តស្រះកែវ ដែលបានជម្រាបជូនមកអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ គឺប្រទេសថៃបានចេញលិខិតអនុញ្ញាតឱ្យភ្ញៀវទេសចរអាចធ្វើដំណើរចេញ-ចូលប្រទេសខ្លួនបាន តាមច្រកទ្វារព្រំដែនចំនួន២នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក (Ban Khlong Luk) ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន (Ban Khao Din) ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប៉ុន្តែត្រូវអនុវត្តតឹងរឹងតាមវិធានការ បង្ការជំងឺកូវីដ-១៩។
ទោះជាយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញ-ចូលបាននៅឡើយទេ ពោលការអនុញ្ញាតនេះអនុវត្តបានតែចំពោះភ្ញៀវទេសចរ ដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន ព្រមទាំងមានបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើម។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃនេះថា ជំហានបឋមខាងភាគីថៃ អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់អ្នកដែលមានលិខិតឆ្លងដែន និងបណ្ណព្រំដែន ហើយជំហានបន្ទាប់ គឺគិតគូរដល់ក្រុមអាជីវករខ្មែរលក់ដូរនៅផ្សាររុងក្លឿ។
សូមរម្លឹកថា, ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ អគារទីស្នាក់ការនេះ ជាចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៧ប៊ីលាន១៣លានរៀល។
អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ បើតាមរបាយការណ៍ លោក សេង យូរអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។
នៅក្នុងរបាយការណ៍របស់ លោក សេង យូរអ៊ាន់ បានឱ្យដឹងថា អគារទាំងនេះរួមមាន អគារបំពេញបែបបទចេញចូល មានទំហំ ៣៥.៨០ម៉ែត្រ គុណ ៥៦.៣៩ម៉ែត្រ កម្ពស់ ៣ជាន់ បំពាក់ដោយឧបករណ៍ បរិក្ខាអគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារប៊ឺតខ្យល់ បណ្ដាញការពារអគ្គិភ័យ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរសព្ទ ប្រព័ន្ធអ៊ីនធឺណឺត ប្រព័ន្ធសំឡេង ប្រព័ន្ធការពាររន្ទះ ជណ្ដើរយន្តចំនួន៤ និងចែកជាពីរផ្នែក ផ្នែកខាងស្ដាំប្រើប្រាស់សម្រាប់អ្នកដំណើរចេញ និងផ្នែកខាងឆ្វេងសម្រាប់អ្នកដំណើរមកដល់។
ទន្ទឹមគ្នានេះ ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ រួមមានជួសជុលកែលម្អរអគារបំពេញបែបបទចាស់សម្រាប់មន្រ្តីស្នាក់នៅ សាងសង់អគារសម្រាប់អ្នកដំណើររង់ចាំចេញ និងមកដល់ចំនួន ២ខ្នង ស្ថាបនាផ្លូវបេតង់អ៊ុតកៅស៊ូ រៀបចំសួនច្បារ ដំឡើងបង្គោលភ្លើងបំភ្លឺ សាងសង់របងព័ទ្ធជុំវិញ ដំឡើងត្រង់ស្វ័រនិងតបណ្ដាញទឹកចូលបរិវេណអគារ។ បើតមការបន្ដែមនៅក្នុងរបស់របាយការណ៍ដដែល និងបានបន្ថែមទៀតថា សមិទ្ធផលនេះនឹងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវជាតិ អន្តរជាតិ បង្ការទប់ស្កាត់បទល្មើសឆ្លងដែន ឆ្លើយបតាមសំណូមពរ និងស្ថានភាពជាក់ស្ដែងរបស់មន្រ្តីជំនាញ។
ពិធីនោះ សម្ដេច ស ខេង បានថ្លែងរម្លឹកថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ជាច្រកទ្វារឆ្លងកាត់ព្រំដែនមានអាយុកាលចំណាស់មួយនៅកម្ពុជា។ សម្ដេច បានគូសបញ្ជាក់ថា ច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដលសេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញចេញចូលតាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលនោះដែរ។
សម្ដេច បានថ្លែងបន្តថា ច្រកទ្វារអន្តរជាតិនេះ ក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ឆ្ពោះទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ ផងដែរ។
នាឰកាសនោះ សម្ដេច ក៏បានថ្លែងរដ្ឋបាលខេត្តស្រះកែវ ដែលជានិច្ចជាកាលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយកម្ពុជា រួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោតប៉ែតនិយាយដោយឡែក និងកម្ពុជា និយាយជារួម។ សម្ដេច ក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលបានខិតខំអភិវឌ្ឍក្រុងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងប៉ោយប៉ែត៕
ដោយ ៖ សិលា