ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដពីរគ្រឿងពន្លះគ្នាពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តពីរគ្រឿងបើកបរក្នុងល្បឿនលឿនដូចគ្នា ខ្វះការប្រុងប្រយ័ត្នពេលបើកមកដល់ត្រង់ចំណុចផ្លូវបែកជាបួនបានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ កែងនឹងផ្លូវលេខ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកPORSCHE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-4199 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AX- 7107 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតបើកពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាក៏ជ្រុលទៅបុកចំពាក់កណ្ដាលទ្វាររថយន្តស៊េរីទំនើបម៉ាកPORSCHEពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានាពេលក្រោយតាមផ្លូវច្បាប់៕

ដោយនិន សុភ័ស្ត


ចែករំលែក៖