ខេត្តបាត់ដំបង ៖ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់ម្ចាស់ឃ្លាំង ស្ដុកទំនិញទាំងអស់ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង មេត្តាជ្រាបថា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសាធារណៈ និងការពារថែរក្សា ផ្លូវថ្នល់ឱ្យបានយូរអង្វែង រដ្ឋបាលខេត្ត ស្នើឱ្យប្តូរទីតាំងឃ្លាំងស្តុកទំនិញ ដែលមាននៅក្នុងក្រុងបាត់ដំបង ទៅផ្លូវវាងក្រុង ឱ្យរួចរាល់យ៉ាងយូររយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣។ កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នក ប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចូលទៅក្នុងក្រុងបាត់ដំបង បណ្ដាលឱ្យ ខូចខាតផ្លូវថ្នល់ និងរងមតិរិះគន់មកលើអាជ្ញាធរមានសមត្ថកិច្ច ពុំបានធ្វើការទប់ស្កាត់ ឬធ្វើការហាមឃាត់ទៅ លើការដឹកជញ្ជូនរថយន្តធុនធ្ងន់ទាំងនោះ។ ហេតុនេះ រដ្ឋបាលខេត្តនឹងមានវិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ នូវរាល់ការដឹកជញ្ជូនរថយន្តធុនធ្ងន់ ចូលមកក្នុងក្រុងបាត់ដំបង។ ក្នុងរយៈពេលទុកឱ្យប្តូរទីតាំងឃ្លាំងចេញ ទៅក្រៅក្រុងនេះ សូមម្ចាស់ឃ្លាំងស្តុកទំនិញពុំទាន់បានប្តូរទីតាំងទៅផ្លូវវាងក្រុង ស្នើឱ្យមានការផ្ទេរទំនិញ ពីរថយន្តធុនធ្ងន់ មករថយន្តតូចៗ និងហាមឃាត់រថយន្តធុនធ្ងន់គ្រប់ភេទ ដែលមានទម្ងន់លើសពី ១៦ តោន (ទម្ងន់សរុប) ធ្វើចរាចរណ៍ក្នុងក្រុងបាត់ដំបង ។
អាស្រ័យហេតុនេះ សូមម្ចាស់ឃ្លាំងស្តុកទំនិញទាំងអស់ជ្រាប និងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សិលា