ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបើកឡើងភ្នំរអិលថយក្រោយកិនយុវសិស្សម្នាក់បណ្តាលស្លាប់ភ្លាមៗនៅភ្នំហាន់ជ័យ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យុវសិស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ នឹងម៉ូតូ។

   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖២០នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២ លើផ្លូវឡើងចំណោតភ្នំហាន់ជ័យ ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

    អធិការស្រុកកំពង់សៀម លោកវរសេនីយ៍ឯក ប៉ាន់ ដន បានប្រាប់ឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូ ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-៧១៤៦ បើកបរដោយឈ្មោះ សៅ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយដូនតី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីទិសខាងត្បូង ទៅទិសខាងជើងឡើងចំណោតភ្នំហាន់ជ័យ ពេលបើកឡើងបានពាក់កណ្ដាលផ្លូវក៏ឡើងមិនរួចបានរំអិលថយក្រោយមកបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1Z-3433 បើកបរដោយឈ្មោះស្រ៊ាន ម៉េងស្រុង ភេទប្រុសជនជាតិខ្មែរ អាយុ១៩ឆ្នាំ រួមដំណើរជាមួយឈ្មោះហេង ប៉េងហ៊ុយ ភេទប្រុសជនជាតិខ្មែរ អាយុ១៨ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិឈើទាល  ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកបរពីត្បូងទៅទិសខាងជើងស្របទិសគ្នា។

លោកអធិការបានឱ្យដឹងទៀតថា ករណីនេះគ្រោះថ្នាក់នេះមកពីមូលហេតុអ្នកបើកបររថយន្តធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យស្លាប់មនុស្សម្នាក់និងរបួសស្រាលម្នាក់គឺ១-ឈ្មោះស្រ៊ាន ម៉េងស្រុង បើកបរម៉ូតូ របួសស្រាល។ ២-ឈ្មោះហេង ប៉េងហ៊ុយ ស្លាប់ (អ្នករួមដំណើរ)។  ចំណែកម៉ូតូរងការខូចខាតកម្រិតស្រាល និងរថយន្តបង្កហេតុក៏រងការខូចខាតកម្រិតស្រាលដែរ។

    លោកអធិការបានបញ្ជាក់ថា វត្ថុតាង ទាំង០២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកកំពង់សៀម។ រីឯអ្នកបើកបររថយន្តឈ្មោះ សៅ វិចិត្រ បានឃាត់ខ្លួនបណ្ដោះអាសន្នតាមបញ្ជា  លោក សាន សុភះ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅអធិការដ្ឋានស្រុកកំពង់សៀម ហើយបានធ្វើតេស្តរកគ្រឿងញៀននឹងជាតិអាល់កុលពិនិត្យឃើញ(អវិជ្ជមាន)។

   បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងរៀបចំឯកសារកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖អ្នកប្រមាញ់


ចែករំលែក៖