ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស​៣នាក់ ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​សព្វាវុធ​ដោយ​ខុសច្បាប់​​ឆ្លងដែន​ទៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖​ កម្លាំងកងរាជ​អាវុធហត្ថ​ស្រុក​បរវេល​ ខេត្តបាត់ដំបង​សហការ​ជាមួយកម្លាំងកង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មង្គល​បូរី បានឃាត់ខ្លួនមនុស្ស​ចំនួន​ ៣នាក់​ ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូនសព្វាវុធ​ដោយ​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២២​ នៅត្រង់ចំណុច​រង្វង់​មូល​យាយជី​ច្រូតស្រូវ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ក្រោក​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​ បច្ចុប្បន្ន​កម្លាំងជំនាញ​ ​កំពុងតែបន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ ដើម្បី​ស្វែង​រកចាប់ខ្លួនយកមកចាត់វិធានការ​តាមច្បាប់​។​​

​បើ​តាមការបញ្ជាក់ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស ​បាន​ថ្លែងឱ្យដឹងនៅ​ល្ងាច​ថ្ងៃចន្ទទី​៣ ​ខែឧសភា​ ឆ្នាំ២០២២នេះ​ថា​៖“​ចំពោះ​ករណីនេះ​ប្រតិបត្តិការ​មិនទាន់​ចប់នៅឡើយ​ទេ​។​ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានគូសបញ្ជាក់​បន្ថែម​ថា៖​“​ជំហាន​ដំបូង​រឿងនេះ គឺជា​រឿង​ពិត​ហើយ គឺមាន​ការជួញដូរ​កាំ​ភ្លើង គ្រាប់ ហើយ​ត្រូវបាន​រកឃើញ​ដោយ​កងរាជអាវុធហត្ថ​ពិតប្រាកដ​មែន​នៅ​ខេត្តបាត់ដំបង​”​​។ 

យោងតាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថខេត្ត​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ថៃបានចេញ​ល្បាតធ្វេី​ការត្រួតពិនិត្យ​ការឆ្លង​ដែន​ ពេលនោះ​កម្លាំង​​សមត្ថកិច្ច​ថៃ​ បាន​ត្រួតពិនិត្យ​មើលទៅ​នៅក្នុង​កេស​មួយ​មាន​បង់​កាំភ្លើង និង​បាន​ចាប់យក​វត្ថុតាង​ស្រាវជ្រាវ​នៅ​ខាង​ភាគី​ថៃ ហើយ​ក៏បាន​សហការ​ជាមួយ​ខាង​អាវុធហត្ថ ដោយបាន​បញ្ជូន​ព័ត៌មាន​មក​យើង​ថា គាត់​បាន​រកឃើញ​បង់​កាំភ្លើង​ដែល​ដាក់​នៅ​ខាងក្នុង​កេស​ឆ្លងដែន​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​។ កងរាជអាវុធហត្ថ​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ក៏បាន​រកឃើញ​មាន​កាំភ្លើង មាន​គ្រាប់​បែប គ្រាប់កាំភ្លើង …. ”​។​

ដោយឃាត់ខ្លួន​យកមកសាកសួរ​ជនសង្ស័យ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី និង​ដោយមាន​ការសម្របសម្រួល​នីតិ​វិធី ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក កើត វណ្ណា​រ៉េត កម្លាំង​អាវុធហត្ថ​បាន​ឈានទៅដល់​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​របស់​អ៊ុំ​ជនសង្ស័យ​ដែល​នៅក្បែរ​ផ្ទះ​ជនសង្ស័យ (​ផ្ទះ​ទុក​ទំនេរ​ម្ចាស់​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ​) រកឃើញ​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ គ្រាប់បែកដៃ​ប្រមាណ​ជា ៥០​គ្រាប់ និង​កាំភ្លើងខ្លី រួមទាំង​វត្ថុតាង​មួយចំនួនទៀត៕

ដោយ​៖សហការី​(រូបភាព​៖BTV)


ចែករំលែក៖