ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLEXUS NX200t បើកបត់ត្រឡប់ក្រោយលឿនពេកជ្រុលទៅបុករថយន្តLEXUS LX570 របស់តារាសម្ដែងនិងពិធីករ ដាវុធ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្ដែង និងពិធីករដ៏ល្បីឈ្មោះ លោក ដាវុធ បានបើករថយន្តLEXUS LX570 មកចតលើចំណីផ្លូវ ត្រូវនារីជនជាតិចិនម្នាក់បើករថយន្ត LEXUS NX200t បត់ត្រឡប់ក្រោយលឿនពេកមិនប្រយ័ត្នជ្រុលទៅបុកចំហៀងខាងក្រោយរថយន្តលោកដាវុធពេញទំហឹង បណ្ដាលឱ្យរងការខូចខាតកាលពីវេលាម៉ោង១១និង ៤០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចមុខអគារមួយកន្លែងតាមបណ្ដោយផ្លូវR8 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តLEXUS LX570 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AP-8966 របស់តារាសម្ដែងនិងពិធីករលោក ដាវុធ ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបើកអែបខាងស្ដាំដៃឈប់លើចំណីផ្លូវ ដើម្បីរៀបចំថតកម្មវិធី ឬថតខ្សែភាពយន្ត ហើយខណៈនោះគេក៏ឃើញរថយន្ត LEXUS NT200t មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-8091បើកបរដោយនារីជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងនារីជនជាតិចិនម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចហើយបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញក៏ជ្រុលទៅបុករថយន្តLEXUS LX570 ពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរងការខូចខាត ចំណែករថយន្តបង្កហេតុរងការខូចខាតផ្នែកខាងស្ដាំ ចំហៀងមុខ និងបែកកង់ រងការខូចខាតយ៉ាងដំណំ។

     ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នាមួយសន្ទុះ ។ បន្ទាប់មកខាងភាគីខាងរថយន្ត LEXUS   NX 200t របស់នារីជនជាតិចិនបានចេញសំណងទៅឱ្យភាគីខាងរថយន្ត LEXUS LX570 របស់តារាសម្ដែងនិងពីធីករចំនួន ៥៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖