ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  ៤-រុក្ខជាតិជាធម្មជាតិមានវិញ្ញ្ញាណធាតុ÷

  រុក្ខជាតិទាំងឡាយតែងកើតឡើង ពីមហាភូតរូប ៤ជាប្រធានដែរ។កាលបើធាតុទាំង៤ប្រជុំគ្នាអាកាសធាតុគឺក្តៅ ត្រជាក់ចូលទៅអបស្ទនផ្សំបានគ្រប់គ្រាន់សមល្មមដល់វេលាណាហើយ រុក្ខជាតិគ្រប់ប្រភេទក៏ដុះលូតលាស់ឡើងហើយលានោះឯង។ បន្ទាប់ពីរុក្ខជាតិដុះហើយ ឫសរបស់វា រុល រកដីមានទឹក មានជីជាតិ ដើម្បីចិញ្ចឹមសរីរាង្គ រុក្ខជាតិខ្លះពេលមានរបស់អ្វីមកប៉ះពាល់វា វាក៏ក្តោបស្លឹកភ្លាម។ រុក្ខជាតិដុះតាមផ្លូវដែលមានមនុស្សធ្វើដំណើរទៅមកប៉ះទង្គិចស្លឹកឬមែកធាង វាញឹកញាប់វាក៏ដុះនាគចេញពីផ្លូវ។ ដើមឈើដាំក្នុងភូមិពេលម្ចាស់ចេញចោល ដើមឈើទាំងនោះក៏ហាក់ដុះលូតលាស់មិនបានល្អ មិនសូវមានផ្លែផ្កាដូចជាដើមដូងជាដើម។ ព្រះសម្មាសម្ពុទ្ធ ពេលព្រះអង្គត្រាស់ដឹងនៅអនុត្តរធម៌ដ៏ប្រសើរក្រៃលែង ទ្រង់ក៏វៀរស្រលះកិរិយាធ្វើពីជគាម(រុក្ខជាតិដុះពីគ្រាប់)និងភូតគាម(រុក្ខជាតិស្មៅវល្លិ៍) ឲ្យវិនាស។ ហេតុដែលព្រះអង្គវវៀរឆាន់គ្រាប់រុក្ខជាតិមិនទាន់ចម្អិន វៀរកាប់រុក្ខជាតិស្មៅវល្លិ៍ដែលកំពុងដុះលូតលាស់ គប្បីដឹងថា ព្រះសម្មាសម្ពុទ្ធមានបញ្ញាចក្ខុអាចមើលឃើញរុក្ខជាតិមានជីវិតមានវិញ្ញាណធាតុ ដោយសាររុក្ខជាតិផ្សំផ្គុំឡើងពីធាតុទាំងបួនដូចមនុស្សដែរ គ្រាន់តែគ្មានអាយតនៈ។ វិញ្ញាណធាតុរបស់រុក្ខជាតិនេះតូចឆ្មារណាស់មិនស្មើនឹងវិញ្ញាណរបស់មនុស្សសត្វទេ ក៏ប៉ុន្តែវិញ្ញាណរបស់រុក្ខជាតិក៏ធំជាងវិញ្ញាណរបស់មេធាតុទាំងបួន(ទឹក ដី ភ្លើង ខ្យល់) ព្រោះបើយើងបានសង្កេតបន្តិចក៏គង់អាចមើលឃើញថា រុក្ខជាតិមានវិញ្ញាណធាតុ។ ដើម្បីរក្សានូវភាពបរិសុទ្ធដែលជាវប្បធម៌របស់ព្រះពុទ្ធទាំងឡាយ ព្រះសាមណគោត្តម ទ្រង់វៀរចាកស្រឡះកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស។ ឯប្រជាជនខ្មែរយើងយល់បានអំពីបាតុភូតបែបនេះតាំងពីសម័យបុព្វកាល ឬដើម្បីរក្សានូវភាពបរិសុទ្ធរបស់ខ្លួន ឬក៏មានការយល់ថា ធម្មជាតិទាំងអស់សុទ្ធតែមានម្ចាស់គ្រប់គ្រងក៏នាំគ្នាបង្កើតវប្បធម៌មួយបែបនេះឡើងគឺមុននឹងកាប់ ដក ក្តិច រុក្ខជាតិមកផ្សំធ្វើឱសថ ឬបេះផ្កាឈើយកមកធ្វើជាទឹកមន្តស្រោចស្រពឲ្យអ្នកជំងឺ ត្រូវធ្វើឧបកិច្ចសុំភាពស័ក្តិសិទ្ធិពីរុក្ខជាតិជាមុនសិន។

  នៅក្នុងគម្ពីរមង្គលត្ថទីបនី ដែលជាគម្ពីរអធិប្បាយអំពីមង្គលសូត្ររចនាដោយព្រះសិរីមង្គលចា្យជាជនជាតិឈៀងម៉ៃបានលើកយកបុគ្គលាធិដ្ឋានត្រង់សិក្ខាបទនេះមកសម្ដែងថា ក្នុងសាសនាព្រះពុទ្ធ ព្រះនាមកស្សបៈ មានភិក្ខុមួយអង្គបំពេញសមណធម៌ក្នុងព្រៃអស់រយៈពេល ២ម៉ឺនឆ្នាំ។ ថ្ងៃមួយភិក្ខុបានឡើងជិះទូកទៅតាមទន្លេគង្គាបានតោងចាប់ស្លឹកជ្រៃទឹក នៅពេលទូករសាត់ទៅដោយល្បឿនលឿនលោកក៏មិនលែងដៃចេញធ្វើឲ្យស្លឹកជ្រៃដាច់ទៅ។ ភិក្ខុនោះគិតថាទោសនោះមានប្រមាណតិចតួច ដូច្នេះហើយមិនបានសម្តែងអាបត្តិ វេលាជិតធ្វើមរណកាល ភិក្ខុនោះមាននិមិត្តដូចជាស្លឹកជ្រៃទឹកមកជំពាក់ស្លាក់ត្រង់បំពង់ក ។ ដើម្បីមានបំណងនិងសម្ដែងអាបត្តិនោះក៏រកភិក្ខុដទៃសម្ដែងបានដែរ ទើបកើតសេចក្តីក្តៅក្រហាយស្ដាយក្រោយថា សីលរបស់អញមិនបរិសុទ្ធឡើយ។ ហេតុដូច្នេះហើយលុះច្យុតចាកអត្តភាពជាមនុស្ស បានទៅកើតជានាគរាជមានអត្តភាពប៉ុនទូកកម្រាល។ នេះគឺជាហេតុផលនៃបាតុភូតរបស់ធម្មជាតិ ដែលនាំឲ្យមនុស្សនៅពេលមិនទាន់រកឃើញបច្ចេកទេសវិទ្យាសាស្រ្ត នាំគ្នាបង្កើតឡើងនៅវប្បធម៌ជឿធម្មជាតិ យូរៗទៅក៏បានប្រែក្លាយទៅជាសាសនា ប្រពៃណីតរៀងមក។(នៅមានត)

ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត


ចែករំលែក៖