ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ- អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ ចុះMOU អនុវត្ត គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ លើការអនុវត្ត គម្រោង សាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស(MUSEFO) នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​លោកបណ្ឌិត​ អ៉ិត​ សំហេង​។ 

អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពរយៈពេល ១៥ខែ ដែលត្រូវបានចុះហត្ថលេខារវាង លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រីបណ្ឌិត ហ្គ្វីណេត  ខុតស៍ (Gwyneth Cotes) នាយិកាប្រចាំប្រទេសអង្គការ Helen Keller និងលោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយកគម្រោង MUSEFOក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងអង្គការ និងក្រសួង ក្នុងការអនុវត្ត “គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស” ស្របតាមយុទ្ធសាស្រ្តចតុកោណក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។ គម្រោងនេះ ផ្ដោតលើរោងចក្រចំនួន ១៨កន្លែង ដែលមានអ្នកធ្វើការសរុបចំនួន ២១,១៦៦នាក់។ ដោយផ្តល់ការបណ្តុះបណ្តាល ស្តីពីសារៈសំខាន់នៃការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារដល់និយោជក ឬតំណាងរបស់ខ្លួន កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះ និងបំបៅដោះកូន។

លោកស្រី ហ្គ្វីណេត  ខុតស៍ បញ្ជាក់ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។ កម្មវិធីនេះ បានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា៖ ១. សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារពីជំងឺផ្សេងៗ ២. អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ៣.ការថែទំាសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន និង ៤.ការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។

លោកស្រី នាយិកា លើកឡើងថា គម្រោងនេះ នឹងផ្តល់ជូននូវសម្ភារអប់រំផ្សព្វផ្សាយព្រមទំាងបំពាក់នូវឧបករណ៍មួយចំនួនដូចជា៖ ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម ដល់បន្ទប់បំបៅដោះកូនដែលមានស្រាប់នៅតាមរោងចក្រគោលដៅនីមួយៗ។

លោកស្រី បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី និងសហការី ដែលបានសហការយ៉ាងជិតស្និត ដើម្បីរៀបចំឲ្យមាន MOU នេះឡើង ដែលបានផ្តល់អាទិភាពចំពោះបញ្ហាសុខភាពទៅដល់កម្មករនិយោជិត។ លោកស្រី សង្កត់ធ្ងន់ថា សម្រាប់រដ្ឋាភិបាលកម្ពុជាដែលបានគំាទ្រលើគម្រោង នឹងសម្រេចបានចំនួន ៨៥ភាគរយ សម្រាប់អាហារូបត្ថម្ភ និង៨៥ភាគរយទៀតសម្រាប់ការបំបៅដោះកូននៅតាមរោងចក្រ សហគ្រាស នៅក្នុងឆ្នាំ២០៣០ខាងមុខនេះ។ 

លោកបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះអង្គការហេទ្បែន ខេលល័រ ដែលបានបង្កើតនូវកម្មវិធីពាក់ព័ន្ធ នឹងអនាម័យ អាហាររូបត្ថម្ភ កុមារ នៅតាមរោងចក្រ សហគ្រាស ជាពិសេសជាស្ត្រី ឲ្យស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែអនុវត្តនៅតាមបណ្តារោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជា។ 

លោករដ្ឋមន្ត្រី បានចាត់ទុកគម្រោងនេះថា បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញបន្ថែមនូវការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឲ្យមានភាពកាន់តែប្រសើរ ស្របពេលដែលក្រសួងការងារ បានកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ លោក ជឿជាក់ថា តាមរយៈគម្រោងនេះ ក៏កាន់តែធ្វើឲ្យនិយោជក អនុវត្តន៍បានប្រសើរ ព្រមទាំងលើកទឹកចិត្តទៅដល់កម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យ អាហាររូបត្ថម្ភ និងផលិតភាពការងារផងដែរ។ ជាក្តីរំពឹងទុក គម្រោងនេះ មិនត្រឹមតែជួយដល់លក្ខខណ្ឌការងារប៉ុណ្ណោះទេ ថែមទាំងជួយដល់សេដ្ឋកិច្ចរបស់ជាតិថែមទៀត។ 

ជាមួយនេះ លោករដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគម្រោងGIZ  ដែលបានផ្តល់ការគំាទ្រយ៉ាងសកម្មក្នុងការចូលរួមអនុវត្តនូវគម្រោងនេះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖