ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន លោកស្រី Carmen Moreno ប្រគល់ទទួលនាវាល្បាតក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបនៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅខេត្តកោះកុង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមដោយឯក លោក លោកស្រី អ្នកនាងកញ្ញាមកពីស្ថាប័ន និងអង្គភាពពាក់ពន្ធ័ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន បានចូលរួមក្នុងពិធីប្រគល់ទទួលនាវាល្បាតក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបនៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ។  

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលខេត្តកោះកុងសម្រេចបានប្រកបដោយមោតនភាព ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗប្រកបដោយភាពទាក់ទាញយ៉ាងរស់រវើក ដែលក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ 

លោករដ្ឋមន្ត្រីបានលើកឡើងផងដែរថា សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលបានរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ។ ក្នុងរយៈពេល២ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារការិយាល័យ និងសម្ភារ សម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះសហភាពអឺរ៉ុបក៏បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងកម្មវិធីថ្មីចំនួន២ទៀតដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលគឺកម្មវិធី CaPFish-Aquaculture និង CAPFISH-Capture ដែលគម្រោងទាំង២នេះចាប់ផ្តើមពីឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅឆ្នាំ២០២៤។ 

ជាសក្ខីភាពថ្ងៃនេះ គម្រោង CAPFISH-Capture នឹងផ្តល់នាវាល្បាតចំនួន៧គ្រឿងថ្មីបន្ថែមទៀត ដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ សម្រាប់បំពេញតម្រូវការចាំបាច់ក្នុងការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្នុងសូចនាករដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប សម្រាប់អនុវត្តផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI) និងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា (NPOA-IUU)។

 

 ជាចុងក្រោយ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ក្នុងការប្រើប្រាស់នាវាល្បាតអោយបានត្រូវគោលដៅក្នុងការបង្រ្កាបបទល្មើសនេសាទ និងត្រូវធ្វើការថែរក្សារនាវាអោយបានល្អ និងមានប្រសិទ្ធិភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖