សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានផាកពិន័យសហព័ន្ធបាល់ទាត់របស់ប្រទេសសេណេហ្គាល់ចំនួន១៧៥,០០០ហ្វ្រង់ស្វីស (១៨០,០០០ដុល្លារ) កាលពីថ្ងៃអង្គារចំពោះបញ្ហាសណ្តាប់ធ្នាប់របស់អ្នកគាំទ្រក្នុងការប្រកួតជម្រុះ World Cup រួមទាំងការបាញ់ភ្លើងឡាស៊ែរដែលចាំងពន្លឺទៅលើតារាអេហ្ស៊ីប Mohamed Salah ក្នុងការស៊ុតបាល់ប៉េណាល់ទី។
មុខរបស់ Salah មានពន្លឺពណ៌បៃតងភ្លឺច្បាស់នៅពេលដែលគាត់រៀបចំដើម្បីទទួលបាល់ប៉េណាល់ទីរបស់គាត់ ដែលគាត់បានចាំងលើមុខ។ សេណេហ្គាល់បានបន្តឈ្នះការស៊ុតបាល់បញ្ចូលទីនៅទីក្រុង Dakar ក្នុងខែមីនា ជាមួយនឹងមិត្តរួមក្រុម Liverpool របស់ Salahគឺ Sadio Mané បានស៊ុតបាល់បញ្ចូលទីជ័យជម្នះ។
FIFA បានប្រកាសថា គណៈកម្មាធិការវិន័យរបស់ខ្លួនក៏បានពិនិត្យមើលការលុកលុយទីលានដោយអ្នកគាំទ្រក្រុមសេណេហ្គាល់ បដាប្រមាថ និងការខកខានរបស់សហព័ន្ធជាតិដើម្បីធានាថាច្បាប់ និងសណ្តាប់ធ្នាប់ត្រូវបានរក្សានៅក្នុងកីឡដ្ឋាន។ សេណេហ្គាល់ក៏ត្រូវបានបញ្ជាឱ្យលេងការប្រកួតប្រជែងនាពេលអនាគតនៅក្នុងកីឡដ្ឋានដោយគ្មានមនុស្សចូលទស្សនាផងដែរ។
គណៈកម្មការវិន័យរបស់ FIFA ក៏បានវិនិច្ឆ័យករណីស្រដៀងគ្នារាប់សិបករណីពីការប្រកួតជម្រុះ World Cup ដែលបានលេងតាំងពីខែមករា ហើយបានចេញការពិន័យ និងការបិទកីឡដ្ឋានជាច្រើនទៀត។
ដោយឡែកប្រទេសនីហ្សេរីយ៉ាក៏ត្រូវបានពិន័យជាប្រាក់១៥០,០០០ហ្វ្រង់ស្វីស (១៥៤,០០០ដុល្លារ) និងការបិទពហុកីឡដ្ឋានមួយប្រកួត ដោយសារអ្នកគាំទ្របានលុកលុយទីលានក្នុងទីក្រុង Abuja ហើយមានឧប្បត្តិហេតុនៃបញ្ហាផ្សេងទៀតបន្ទាប់ពីនីហ្សេរីយ៉ាប្រកួតជាមួយហ្គាណាក្នុងការប្រកួតជម្រុះរបស់ពួកគេ។
ជាមួយគ្នានេះដែរ FIFA បានដាក់ពិន័យជាប្រាក់ចំនួន១២៥,០០០ហ្វ្រង់ស្វីស (១២៨,០០០ដុល្លារ) លើប្រទេសកុងហ្គោ និង១០០,០០០ហ្វ្រង់ស្វីស (១០៣,០០០ដុល្លារ) លើលីបង់ ក្នុងករណីស្រដៀងគ្នានៅក្នុងការប្រកួតជាមួយម៉ារ៉ុក និងស៊ីរី។ ទាំង២ប្រទេសបានបិទកីឡដ្ឋានមួយប្រកួត។ការរើសអើងដោយអ្នកគាំទ្រនៃប្រទេសឈីលី និងកូឡុំប៊ីក្នុងការប្រកួតក្នុងផ្ទះរបស់ពួកគេ បូករួមទាំងការប្រព្រឹត្តល្មើសផ្សេងទៀតបណ្តាលឱ្យមានការផាកពិន័យសរុបចំនួន៩៥,០០០ហ្វ្រង់ស្វីស (៩៨,០០០ដុល្លារ) និង៥៥,០០០ហ្វ្រង់ស្វីស (៥៦,៥០០ដុល្លារ) ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)