ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត​ គុណ ញឹម ៖​ គ្មានទៀតឡើយចំពោះការរត់ពន្ធនាំចូលរថយន្តតាមច្រកព្រំដែនផ្សេងៗ

ចែករំលែក៖

ភ្នំពេញ​៖​ នាឱកាស​សន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នៅព្រឹក​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ​ លោកបណ្ឌិត​ គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា គ្មានទៀតឡើយ ការចំពោះការរត់ពន្ធនាំចូលរថយន្តចង្កូតស្តាំ តាមច្រកព្រំដែនផ្សេងៗ ជាពិសេនៅតាមព្រំដែនថៃ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានតឹងរ៉ឹង ចំពោះការប្រើប្រាស់រថយន្តចង្កូតស្តាំនៅកម្ពុជា ដោយសារតែរថយន្តប្រភេទនេះគ្មានទីផ្សារ។

លោកបណ្ឌិត​ គុណ​ ញឹម​ បានបន្តថា វិធានការរបស់រាជរដ្ឋាភិបាលនាពេលនេះ បានធ្វើឱ្យទីផ្សាររថយន្តចង្កូតស្តាំរួញចុះ ដោយសារតែទោះបីជាមានការនាំចូលក៏ដោយ ក៏តម្រូវឱ្យបង់ពន្ធឱ្យស្របច្បាប់ និងកែចង្កូតពីឆ្វេងមកស្តាំផងដែរ។

លោកអគ្គនាយករូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖​ «ជារួមការអនុវត្តតួនាទីភារកិច្ចរបស់យើង វាបានជួយមួយផ្នែកធំហើយ ប៉ុន្តែមួយផ្នែកទៀត គឺកត្តាទីផ្សារតែម្តងដែលបានជួយទប់ស្កាត់រត់ពន្ធចង្កូតស្តាំនាំចូលមក។ នៅពេលដែលតម្រូវឱ្យរថយន្តចង្កូតស្តាំបង់ពន្ធអាករ ត្រូវកែចង្កូត មានន័យថាទីផ្សាររថយន្តចង្កូតស្តាំធ្លាក់ចុះទាបមែនទែនសឹងតែសូន្យ មានន័យថា គ្មានតម្រូវការ ជិះមិនកើតទៀត ជិះបានលុះត្រាតែបង់ពន្ធ ហើយកែចង្កូតទៀត។ ហេតុនេះការនាំចូលរថយន្តចង្កូតស្តាំ មកបំពេញតម្រូវការក្នុងប្រទេស ដូចមុនពេលចាប់ផ្តើមកិច្ចការនេះ វាបានប្រែប្រួលធ្លាក់ចុះដល់ចំណុចសូន្យ។ បន្ថែមលើនោះយើងអនុវត្តគោលការណ៍ ឬការសម្រេចរបស់រាជរដ្ឋាភិបាលថា រថយន្តចង្កូតស្តាំត្រូវតែបង់ ឬបំពេញកាតព្វកិច្ចពន្ធ អីចឹងហើយមានរថយន្តចង្កូតស្តាំមួយចំនួនរកច្រកចេញទៅទៀត។ ខ្ញុំចង់បញ្ជាក់រំលឹកដែរ តាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងបំផ្លាញចោលរថយន្តចង្កូតស្តាំ ព្រោះជារឿងរ៉ាំរ៉ៃ ។ យើងឃើញមានព័ត៌មានលេចលឺមួយចំនួន រថយន្តចង្កូតស្តាំដែលរត់ពន្ធចូលមកតាមច្រករបៀង រកច្រករត់ទៅវិញ ព្រោះលក់អត់ទាន់ ហើយអ្នកចង់ទិញក៏លែងទិញទៅវិញដែរ»។

ដោយឡែកករណីនាំចូលរថយន្តចង្កូតឆ្វេងដែលគ្មានពន្ធ អាចនៅមានតិចតួច ដែលពួកគេអាចនាំចូលតាមច្រកផ្សេងៗ ឬតាមកុងតឺន័រ។ ទោះជាយ៉ាងនេះក្តី លោកសង្កេតឃើញ វិធានការការបង្រ្កាបរថយន្តគ្មានពន្ធ ដែលមានស្រាប់នៅក្នុងប្រទេសនាពេលនេះ បានជះឥទ្ធិពលទៅលើការនាំចូលរថយន្តចង្កូតឆ្វេងគ្មានពន្ធ ធ្លាក់យ៉ាងខ្លាំង ស្ទើរដល់កម្រិតសូន្យ ដូចរថយន្តចង្កូតស្តាំដែរ។

លោកអគ្គនាយក​ បានបញ្ជាក់បន្ថែមថា វិធានការដ៏មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលនាពេលនេះ បានធ្វើឱ្យទីផ្សាររថយន្តចង្កូតឆ្វេងដែលមានពន្ធ មានទីផ្សារឡើងវិញ និងបានធ្វើឱ្យអ្នកនាំចូលរថយន្តមានពន្ធរីករាយ ដែលធ្វើឱ្យរដ្ឋមានលទ្ធភាពប្រមូលពន្ធ ពីយាន្តបានកាន់តែប្រសើរជាងមុន។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារូបនេះ យានយន្តជាប្រភពចំណូលពន្ធមួយយ៉ាងសំខាន់ ដែលដើរតួនាទី៤៣% ទៅ៤៥% នៃចំណូលសរុបដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលប្រចាំឆ្នាំ។ កាលពីឆ្នាំ២០១៩ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជា ដំណើរការល្អ ការប្រមូលចំណូលលើសផែនការ ៤២% ក្នុងនោះជាង៥៣% នៃចំណូលដែលប្រមូលបាន គឺបានមកពីចំណូលពន្ធពីយានយន្ត។

បន្ថែមពីនេះ​ លោក​បណ្ឌិត​ គុណ​ ញឹម​ បានសង្កត់ធ្ងន់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងធ្វើការបង្រ្កាបឱ្យកាន់តែម៉ឺងម៉ាត់ និងតឹងរ៉ឹងជាងមុន ដោយមានការគាំទ្រ និងអន្តរាគមន៍ពីមន្រ្តីកងរាជអាវុធហត្ថ ដើម្បីទប់ស្កាត់នាំចូលរថយន្តទាំងចង្កូតឆ្វេង និងស្តាំ ខណៈគិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ សមត្ថកិច្ចគយ បានធ្វើការបង្រ្កាបរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ បានចំនួន១៧៨គ្រឿង គិតជាចំណូលពន្ធប្រមាណ៦៥ម៉ឺនដុល្លារ៕

ដោយ​៖ស​ តារា​


ចែករំលែក៖