ភ្នំពេញ៖ ក្រោយពីមានការរិះគន់នៅលេីស្ពានអាកាសថ្មេីរជេីងមុខផ្សារជម្ជូវ័នតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ជូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញថា មានក្រុមជនអនាថាយកសំរាម ខោអាវចាស់ៗមកចោលនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះក្រុមទាំងនោះបានមកបន្ទោបង់លើស្ពានធ្វេីឱ្យបរិស្ថានស្អានដែលជាស្ពានសម្រាប់បងប្អូនប្រជាពលរដ្ឋរួមទាំងសិស្សានុសិស្សឆ្លងកាត់មានក្លិនស្អុយអសោចិ៍នោះ ពេលនេះត្រូវបានអាជ្ញាធរចុះសម្អាត រួមទាំងប្រាប់ឱ្យខាងក្រុមហ៊ុនស្លាកប៉ាណូដោះចេញមិនឱ្យដាក់បន្តទៀតទេ។
យេីងសង្កេតឃេីញថា ទីតាំងខាងលេីកន្លងមកត្រូវបានក្រុមជនអនាថាយកខោអាវចាស់ៗមកចោលនៅទីនោះ និងពេលខ្លះមកសម្រាកនៅទីនោះផងដែរ ធ្វេីឱ្យបាត់បង់សណ្ដាប់ធ្នាប់ បរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះសិស្សានុសិស្សមួយចំនួនក៏លែងហ៊ានដេីរឆ្លងកាត់នៅទីនោះដែរព្រោះក្រុមជនអនាថាតែងតែដេកឬអង្គុយនៅទីនោះ។
កន្លងមកអាជ្ញាធរសង្កាត់ចោមចៅទី៣ តែងតែធ្វេីការបោសសម្អាតនិងដេញជនអនាថាទាំងនោះមិនឱ្យមកសម្រាកនៅទីនោះទៀតទេ។ ប៉ុន្តែនៅពេលថ្មីៗនេះ ក្រុមជនអនាថាក៏បានបន្តមកដេកនៅលើស្ពានអាកាសនោះទៀត ដោយបានទាំងបន្ទោបង់ពាសពេញនៅលេីស្ពានទៀតផង។
នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះអាជ្ញាធរបានចុះសម្អាតនិងហៅក្រុមហ៊ុនស្លាកប៉ាណូពាណិជ្ជកម្មដែលដាក់លេីបង្កាន់ដៃស្ពានឱ្យដោះចេញទាំងអស់ ដើម្បីជៀសវាងមានការបិទបាំងងាយស្រួលដល់ក្រុមជនអនាថាទាំងនោះមកបន្តស្នាក់នៅទៀត៕
ដោយ៖សុខាសែនជ័យ