ខេត្តបាត់ដំបង ៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣នាក់ បន្ទាប់ពីកម្លាំងនគរបាលស្រុកកំរៀង ធ្វើការបង្ក្រាបនិងឃាត់ខ្លួន រួមនឹងគ្រឿងញៀនមួយចំនួន យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃព្រហស្បតិ៍ទី០៥ ខែឧសភា ឆ្នាំ២០២២។
ជនសង្ស័យចំនួន០៣នាក់នេះ៖ ទី១-ឈ្មោះកែវ សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី២-ឈ្មោះ ប៊ូ រ៉ា ភេទប្រុស២៩ឆ្នាំរស់នៅភូមិ អូរក្រូច ភូមិ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ និងទី៣-ឈ្មោះ ខុ សុខន ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ កម្លាំងនគរបាលស្រុកកំរៀង បានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅពណ៌សស្រអាប់ច្រកក្នុងថង់ប្លាស្ទិកចំនួន០២ថង់សង្ស័យមានសារធាតុញៀន
-ថ្នាំគ្រាប់រាងត្រីកោណពណ៌បៃតងខ្ចីចំនួន១២គ្រាប់សង្ស័យមានសារធាតុញៀន
-ទូរសព្ទ័ដៃចំនួន០២គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
-រថយន្ត០១គ្រឿងម៉ាកតូយូតា ព្រុសពណ៌សសេរីឆ្នាំ២០១០ពាក់ស្លាកលេខ2BJ4373មានលេខតួJTDN33DU5A0098422
-ស្លឹកកញ្ឆាក្រៀមមួយចំនួន
-ឧបករណ៍បំពងសំលេងនិងភ្លើងវិលមួយចំនួន
-ដាវសាំមូរៃចំនួន០១
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវកម្លាំងនគរបាលជំនាញ នៃស្នងការនគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមច្បាប់៕
ដោយ៖សហការី