ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញក្នុងកម្មវិធីប្រកាសសមាសភាពក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា,  នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០២២  នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រកាសសមាសភាពក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៏ និងព័ត៌មាន ក្រសួងមហាផ្ទៃ ព្រមទាំងអនុប្រធាន និងសមាជិក នៃក្រុមការងារលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាច្រើនរូបផងដែរ។

ក្នុងពិធីនោះ លោក ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ បានអាននូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ និងសមាសភាពក្រុមការងារ គោរពជូនគណៈអធិបតី និងសាមីខ្លួនដើម្បីទទួលអនុវត្តនូវសេចក្តីសម្រេចតាមតួនាទីភារកិច្ចរៀងៗខ្លួន ដែលក្នុងនោះមានសមាសភាពសរុបចំនួន ២២រូប ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ និងអនុប្រធានក្រុមការងារចំនួន ១២រូប សមាជិក ចំនួន០៩ ដែលមកពីបណ្តាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះដែរលោក ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារនៃលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ និងសកម្មភាពរបស់ក្រុមការងារលេខាធិការដ្ឋាន គោរពជូន នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងអង្គពិធីជ្រាប ពិសេសវឌ្ឍនភាពការងារ រៀបចំកសាងនូវផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍ ក្រសួងមហាផ្ទៃ និងកិច្ចការងារ ផ្សេងៗទៀតដែលបម្រើដល់ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ក្រសួងមហាផ្ទៃ។ 

មានប្រសាសន៍ក្នុងឱកាសនោះ  នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានសម្តែងក្តីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសសមាសភាព នៃក្រុមការងារលេខាធិការដ្ឋាន ចំណុះក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ នាពេលនេះ។ ទន្ទឹមនេះលោក នាយឧត្តមសេនីយ៍ មានប្រសាសន៍សង្កត់ធ្ងន់បន្តថា សមាសភាពដែលមានក្នុងសេចក្តីសម្រេចនេះគឹសុទ្ធសឹងតែជាសមាសភាពដែលក្រសួងបានសម្រិតសម្រាំង និងបានពិនិត្យឃើញពីសមត្ថភាពជំនាញគ្រប់គ្រាន់ដើម្បីបំពេញការងារក្នុងវិស័យបច្ចេកវិទ្យានេះ។

 នាយឧត្តមសេនីយ៍ ក៏បានណែនាំឱ្យក្រុមការងារខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចដែលក្រសួងបានប្រគល់ជូន ឲ្យមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ នាយឧត្តមសេនីយ៍ បានបន្ថែមថា ដោយពិនិត្យមើលឃើញពីតម្រូវការចាំបាច់ និងភាពរីកចម្រើនផ្នែកគមនាគមន៍បច្ចេកវិទ្យា ក្នុងក្របខណ្ឌបំពេញការងាររបស់អង្គភាពនីមួយៗ និងមន្ត្រី ទាមទារជាចាំបាច់នូវធនធាន និងជំនាញចំណេះដឹងក្នុងការប្រើប្រាស់ ព្រមទាំងរៀបចំឱ្យបានស្រេចនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីត្រៀមឆ្លើយតបនិងលំហូរការងារ៕

ដោយ៖ សិលា


ចែករំលែក៖