ព័ត៌មានទាន់ហេតុការណ៍៖

ស្គូពីនិងហុងដាឌ្រីមសេ១២៥ពន្លះគ្នាទាំងព្រឹកស្លាប់ម្នាក់ ហើយអ្នកបង្កហេតុរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តតាកែវ ៖  បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនៃឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ។  ចំណែកភាគីម្ខាងទៀតបានរត់គេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នៅលើផ្លូវក្រាលក្រួសក្រហមស្ថិតក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

   សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូនឹងម៉ូតូក្នុងទិសដៅបើកបញ្ច្រាសគ្នាពីត្បូងទៅជើង បង្កដោយម៉ូតូម៉ាកស្គូពីពណ៌ក្រហមបើកមកពីទិសខាងត្បូងតែអ្នកបើកបរមិនស្គាល់ឈ្មោះព្រោះក្រោយកើតហេតុបានបើករត់គេចបាត់   បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥បើកបរដោយឈ្មោះឆេង ម៉ៅ ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សម


ចែករំលែក៖