ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ពាក្យសម្តីរឿងខ្ចីលុយ១លានរៀលឈានដល់ប្រើហិង្សាជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនដៃដល់ជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួន​ បន្ទាប់ពីប្រើហិង្សាវាយទៅលើបុរសម្នាក់២នាក់​ពាក់ព័ន្ធពីរឿងខ្ចីលុយចំនួន១លានរៀល។ 

   ករណី​ហិង្សា​ខាងលើនេះ​ បានកើតឡើងនៅ ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២២​ វេលាម៉ោង​ ១៧និង៤០នាទីល្ងាច នៅចំណុចកាស៉ីណូ​ កាឡាក់ស៉ី​ ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល។ 

    មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះ​ចំនួន​ ០២នាក់ ទី១.ឈ្មោះ​ ស្រៀ​ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិព្រែករុន​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្ដាល​ មុខរបរ​ បុគ្គលិកកាស៉ីណូ ទី២.ឈ្មោះ​ ម៉ុន​ វណ្ណា​ ភេទប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិលេខ១​ សង្កាត់ស្វាយរលំ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ មុខរបរ​ មន្ដ្រីចូលនិវត្តន៍​ ។ 

ចំណែកជនសង្ស័យឈ្មោះ​ ង្វៀង​ ប៊ិន ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជនជាតិវៀតណាម​ បច្ចុប្បន្នស្នាក់នៅភូមិឃុំកេីតហេតុ​ មុខរបរ​ បុគ្គលិកកាស៉ីណូ​ (ឃាត់ខ្លួន)។

    ប្រភព​ដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យ​ និងជនរងគ្រោះ(ស្រៀ​ ហុង)​ បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ចំនួន​ ១លានរៀល ពួកគេជជែកគ្នាយ៉ាងខ្លាំង​ ឈានដល់ការប្រេីហិង្សាដាក់គ្នា​ ដោយជនសង្ស័យ​ និងបក្ខពួក​ប្រហែល​ ៧-៨នាក់​ បាននាំគ្នាទៅវាយ​ លេីជនរងគ្រោះទាំងពីរ​នាក់​ ពេលនោះបក្ខពួកខាងលេីបានវាយទៅលេីឈ្មោះ​ ម៉ុន​ វណ្ណា​ ជាច្រេីនដៃ​ថែមទៀតផង​ ចំណែកឈ្មោះ​ ស្រៀ​ ហុង​ គេចខ្លួនរួច​។ ភ្លាមនោះឈ្មោះ​ ង្វៀង​ ប៊ិន​ បានគប់ទូរស័ព្ទដៃ​ ម៉ាក​ Oppo​ មិនចាំស៊េរី​ ពណ៌ស-ខ្មៅ​ ទៅលេីឈ្មោះ​ ស្រៀ​ ហុង​ ត្រូវចំស្មាខាងស្ដាំ​ និងបានប្រេីពាក្យសំដីគំរាមកំហែងថា​ អញមេនៅជ្រៃធំ​ “អ្ហែង(ស្រៀ​ ហុង)​ មេនៅស្រុកស្អាង​ កុំចង់ខ្លាំងជាមួយអញ​ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ” ព្រ​មទាំងជេរប្រមាថជាច្រើនទៀត។ ក្រោយពេលកើតហេតុខាងលើជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ​ តែម្ដង​ បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង​ កម្លាំងជំនាញស្រុកកោះធំ​ សហការជាមួួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដេីម្បីចាត់ការតាម​នីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖