ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​៖ បង្ហាញលទ្ធផលកិច្ចប្រជុំ ស្តីពីការផ្ដល់ជំនួយមនុស្សធម៌ របស់អាស៊ានទៅមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ​៖​ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានធ្វើសន្និសីទព័ត៌មានបង្ហាញលទ្ធផលពាក់ព័ន្ធកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។

បើតាមការ​ថ្លែង​បញ្ជាក់​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំពេញមួយថ្ងៃនេះ បានសម្រេចលទ្ធផលការងារសំខាន់ៗចំនួន៦ ស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ឱ្យបានគ្រប់ភាគីទាំងអស់។​ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីគម្រោងទស្សនកិច្ចជាលើកទី២ ទៅកាន់មីយ៉ាន់ម៉ា ដើម្បីជំរុញដល់ការផ្តល់ជំនួយមនុស្ស និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមីយ៉ាន់ម៉ាផងដែរ។

សូមជម្រាបថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នាព្រឹកមិញនេះ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។

កិច្ចប្រជុំពិគ្រោះយោបល់ ត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ ដោយតំណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដៃគូខាងក្រៅរបស់អាស៊ាន ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

បេី​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សាផ្តួចផ្តើម ឱ្យមានកិច្ចសន្ទនាមួយ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទេ្ទសក៍អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ាន ឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

គួបញ្ជាក់ថា​ កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមនូវការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្រ្តនានាដែលជួយគាំទ្រទៅដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា៕

ដោយ​៖សហការី​


ចែករំលែក៖