ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​ព្រះសីហនុ​ ទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ អញ្ជើញទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍ ចន្ទក្រហម ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម” នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ 

អំណោយមនុស្សធម៌ដែលទទួលក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ 

ក្នុងឱកាសនោះ​ លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីអ្នកនាងកញ្ញា សប្បុរសជនដែលចូលរួមវិភាគទាននាពេលកន្លងមកពីគ្រប់មជ្ឈដ្ឋានក្នុងវិស័យសាធារណៈ និងវិស័យឯកជនចូលរួមជាកម្លាំងជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជន រងគ្រោះ ជនងាយរងគ្រោះ រួមមានអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃដោយពុំមានការរើសអើងពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ។

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងធ្វើការទទួលថវិកាបន្តទៀតនៅថ្ងៃទី១០,១៣, ១៧ ខែឧសភា ឆ្នាំ២០២២ខាងមុខបន្តទៀត៕

ដោយ​៖សហការី​


ចែករំលែក៖