ភ្នំពេញ ៖ មានរថយន្តស្ទូចមួយគ្រឿងមកឈប់ចតស្ទូចឥដ្ឋខ្យល់មុខការដ្ឋានមួយកន្លែងមិនដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ស្រាប់តែនារីរូបស្រស់ម្នាក់បើករថយន្ត toyota prius មួយគ្រឿងមកបុកចំជើងជ្រែងរថយន្តខាងឆ្វេងបណ្ដាលឱ្យរថយន្តគាបជាប់រងការខូចខាតយ៉ាងដំណំ និងរងរបួសបែកមាត់ផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ជិតស្តុបកៅដាយ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿង ក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3E-1859បើកមកឈប់ចតស្ទូចឥដ្ឋខ្យល់នៅមុខការដ្ឋានកន្លែងកើតហេតុខាងលើ ក្នុងទិសដៅលិចកើត ដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវនោះទេ លុះដល់ម៉ោងកើតហេតុខាងលើក៏មានរថយន្តtoyota prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BL-5703បើកបរដោយនារីរូបស្រស់ម្នាក់ធ្វើដំណើរស្របគ្នាមកពីក្រោយ បុកចំជើងជ្រែងរថយន្តស្ទូចចខាងមុខផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្ដគាបជាប់ជាមួយជើងជ្រែងរថយន្តស្ទូចរងការខូចខាតយ៉ាងដំណំ នឹងបណ្ដាលឲ្យអ្នកបើកបររងរបួសបែកមាត់ ហើយភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ