ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជិត១០០នាក់ដោយការផ្ទុះយ៉ាងខ្លាំងនៅសណ្ឋាគារក្នុងរដ្ឋធានីនៃប្រទេសគុយបា

ចែករំលែក៖

ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកជនរងគ្រោះដែលកប់នៅក្នុងគំនរអគារបាក់បែកក្រោយពីការផ្ទុះយ៉ាងខ្លាំងនៅក្នុងសណ្ឋាគារលំដាប់ផ្គាយ៥ ក្នុងទីក្រុង Havana ប្រទេសគុយបា បណ្តាលឱ្យមានមនុស្ស២២នាក់ស្លាប់និង ៦៤នាក់ទៀតរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២២។
ថ្លែងចេញពីកន្លែងកើតហេតុ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស់ ខានែល (Miguel Diaz-Canel) បាននិយាយថា ហេតុការណ៍ផ្ទុះនោះបានកើតឡើងដោយសារការលេចធ្លាយហ្កាស មិនមែនជាករណីបំផ្ទុះគ្រាប់បែក ឬវាយប្រហារណាមួយនោះឡើយ ពោលគឺវាជាឧបទ្ទវហេតុគួរឱ្យសោកស្តាយមួយ។
នៅពេលកើតហេតុ គឺសណ្ឋាគារខាងលើមិនស្ថិតក្នុងការបើកដំណើរការឡើយ ហើយមានតែបុគ្គលិកប៉ុណ្ណោះដែលមានវត្តមាន។ តាមពិតសណ្ឋាគារដែលមាន៩៦បន្ទប់នោះ ត្រូវបានគ្រោងនឹងបើកទ្វារឡើងវិញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទៅហើយ ខណៈដែលក្រុមបុគ្គលិកបានធ្វើការត្រៀមរៀបចំចុងក្រោយ។
ក្រសួងសុខាភិបាលគុយបាបានប្រកាសថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខ្ពស់ ដោយសារតែនៅមានមនុស្សជាច្រើនកប់នៅក្រោមគំនរអគារបាក់បែក ។ តាមការិយាល័យប្រធានាធិបតីគុយបា ការផ្ទុះអាចបណ្តាលមកពីការបែកធ្លាយឧស្ម័នហ្គាស៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ VTC-VN)


ចែករំលែក៖