ភ្នំពេញ៖ បេីយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០២២នេះថា៖ ចំនួនគោលដៅសរុប ១៥០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥,៤៣៤គ្រឿង ម៉ូតូ៣,៨៨១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៣៨គ្រឿង មានម៉ូតូចំនួន ៤៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស កាលពីថ្ងៃទី០៦ ខែឧសភា ម្សិលមិញនេះ។
របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងដែរថា៖ គោរពច្បាប់ចរាចរណ៍ ស្មើនឹងគោរពជីវិតខ្លួនឯង ! ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ០១នាក់) របួសធ្ងន់ ២នាក់ របួសស្រាល ៤នាក់ (ស្រី ១នាក់) ។
គួបញ្ជាក់ថា យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៥លើក ៕
ដោយ៖ស តារា