ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលម្នាក់ទាញកាំភ្លើងបាញ់ម្ចាស់ក្របីរងរបួសធ្ងន់គ្រាន់តែក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់បាញ់រងរបួសធ្ងន់បន្ទាប់ពីក្របីចូលស៊ីស្មៅក្នុងដី រួចរត់គេចខ្លួនបាត់ នៅវេលាម៉ោង០១និង៣៥នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចាក់មួយកន្លែង ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។នេះបើតាមការឲ្យដឹងពីនគរបាលស្រុអូរជ្រៅ ។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងទៀតថា៖ជនបង្កឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំភេទប្រុស មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃមកស្នាក់នៅបណ្តោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ចំណែកជនរងគ្រោះឈ្មោះ ឃាង វណ្ណា  អាយុ៥៥ឆ្នាំ ភេទប្រុសនៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាអ្នកស៊ីឈ្នួលមើលសត្វក្របីឲ្យគេប្រហែលជា១០០ក្បាល ។

នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះឃ្វាលនោះបានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ពេលនោះជនបង្កជាម្ចាស់ដីបានប្រាប់ឲ្យជនរងគ្រោះដេញក្របីចេញពីក្នុងដីរបស់ខ្លួនកុំឲ្យស៊ីស្មៅព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ី ជនរងគ្រោះក៏បានទៅដេញក្របីឲ្យចេញ រួចក៏អង្គុយលេងជាមួយទាហាននៅក្បែរកន្លែងនោះ ក្រោយមកមិនដឹងជាយ៉ាងមេចជនបង្ក ក៏បានទាញកាំភ្លើងម៉ាកវាំងឡុង(ជាប្រភេទកាំភ្លើងបាញ់សត្វ)បាញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេងបណ្តាល​​ឲ្យរងរបួសធ្ងន់ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យរត់គេចខ្លួនបាត់។ជនរងគ្រោះយកទៅព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់ ។ករណីនេះជនបង្កកម្លាំងនគរបាលស្រុកអូរជ្រៅកំពុងតាមប្រម៉ាញ់ចាប់ខ្លួនយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖