សម្ព័ន្ធក្រុមហ៊ុនដែលដឹកនាំដោយ LA Dodgers ជាម្ចាស់ផ្នែកគឺ Todd Boehly និងគាំទ្រដោយ Clearlake Capital បានឈ្នះការដេញថ្លៃទិញក្លិប Premier League តោខៀវវ Chelsea ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ៤ពាន់លានផោន។ នេះបើយោងតាមកាសែត Telegraph របស់ចក្រភពអង់គ្លេសបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី៧ ខែឧសភា។ បច្ចុប្បន្នសំណើនេះត្រូវបានបញ្ជូនទៅរដ្ឋាភិបាលអង់គ្លេស និងស្ថាប័ន Premier League ដើម្បីអនុម័ត។
កាសែតអង់គ្លេសThe Telegraph បានផ្សាយថា នៅសល់តែជាង៣សប្តាហ៍ទៀតប៉ុណ្ណោះលើអាជ្ញាប័ណ្ណប្រតិបត្តិការបច្ចុប្បន្នរបស់ក្លិបដែលនឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា ស្ថាប័ន Boehly កំពុងតែឈានទៅរកការបញ្ចប់ការកាន់កាប់របស់ខ្លួននៅចុងខែនេះ។
ម្ចាស់ក្លិបតោខៀវ Chelsea សញ្ជាតិរុស្ស៊ី លោក Roman Abramovich ដែលឥឡូវស្ថិតក្រោមការដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលអង់គ្លេស បានដាក់ក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដាក់លក់នៅដើមខែមីនា បន្ទាប់ពីប្រទេសរបស់គាត់លុកលុយលើប្រទេសអ៊ុយក្រែន។ លោក Abramovich បានជម្រះការកាន់កាប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបន្ទាប់ពីគាត់បានច្រានចោលរបាយការណ៍ដែលថា គាត់ចង់បានប្រាក់កម្ចីដែលបានផ្តល់ឱ្យក្លិបដែលត្រូវបានគេរាយការណ៍ថា មានតម្លៃ១.៥ពាន់លានផោន (១.៨៥ពាន់លានដុល្លារ) ដើម្បីសង។
ក្រុមសម្ព័ន្ធ Boehly ដែលរួមមានមហាសេដ្ឋីជនជាតិស្វីសលោកHansjorg Wyss និងអ្នកវិនិយោគអចលនទ្រព្យអង់គ្លេសលោក Jonathan Goldstein កំពុងស្ថិតក្នុងការចរចាផ្តាច់មុខដើម្បីទិញក្លិបបន្ទាប់ពីការដេញថ្លៃយឺតពីមហាសេដ្ឋីអង់គ្លេស Jim Ratcliffe ត្រូវបានច្រានចោល។
ក្រុមដែលដឹកនាំដោយសហម្ចាស់ក្រុមហ៊ុន Boston Celtics លោក Stephen Pagliuca និងអតីតប្រធានក្រុមហ៊ុន British Airways លោក Martin Broughton ត្រូវបានលុបចោលពីដំណើរការដេញថ្លៃនេះ ខណៈដែលក្រុមហ៊ុនដែលដឹកនាំដោយម្ចាស់ Chicago Cubs គ្រួសារ Ricketts បានដកខ្លួនចេញពីការដេញថ្លៃទិញក្លិបខាងលើ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)