ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Ford Raptor មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករថយន្ត Toyota Prius ដែលបម្រុងនឹងបើកឆ្លងផ្លូវចំពាក់កណ្ដាលតួរថយន្តពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Toyota Prius ពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខភ្នំពេញ 2BP-4251 តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចបម្រុងនឹងបត់ឆ្លងផ្លូវ ហើយខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែគេឃើញមានបុរសម្នាក់ទៀតបានបើករថយន្តម៉ាកFord Raptor ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជាHSB.6789 បើកបរតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី ក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ ប្រហែលជាអ្នកបើកបរជាន់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុករថយន្ត Toyota Prius ចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឱ្យរងការខូចខាត តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។

    បន្ទាប់ពីកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយភាគី រថយន្តបង្កព្រមសងជាសំណងជួសជុលទៅភាគីរងគ្រោះដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖