ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក កឹម សុខា ចូលជួបសម្តែងមរណទុក្ខ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក កឹម សុខា ចូលជួបដើម្បីសម្តែងមរណទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាម Channel Telegram ផ្លូវការរបស់សម្តេចតេជោ មានឈ្មោះ Prime Minister Hun Sen ដែលមានតំណ https://t.me/spmhunsen Unistigem ខែឧសភា ឆ្នាំ២០២២ និងបានបង្ហោះនូវព័ត៌មានមួយចំនួនពី សកម្មភាពសម្ដេចរួចផងដែរ។

សូមបញ្ជាក់ថា, នៅមុនដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោក កឹម សុខា បានផ្ញើសារជូនសម្តេចតេជោ ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ផងដែរ។

តាមរយៈសារចូលរួមរំលែកទុកនោះ លោក កឹម សុខា បង្ហាញពីសេចក្តីសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងមរណភាពនេះ។ លោកបានបញ្ជាក់បន្ថែមថា៖ «ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណទុក្ខដ៏ធំធេងជាមួយសម្តេចតេជោ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ ៕

ដោយ ៖ សិលា


ចែករំលែក៖