ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន អញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃ ៨ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ  ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា សព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នឹងត្រូវដង្ហែពីគេហដ្ឋាននៃសព នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស។

សូមជម្រាបជូនថា  ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេចឧត្ដមទេពញាណ»។

សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់សម្ដេចឧត្ដមទេពញាណ ពេលនេះ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕


ដោយ : សិលា


ចែករំលែក៖