ខេត្តកំពង់ស្ពឺ ៖ ករណីអគ្គិភ័យមួយបានកើតឡើងឆាបឆេះផ្ទះពលរដ្ឋមួយខ្នងបណ្តាលឲ្យម្ចាស់ផ្ទះរងរបួសស្រាលព្រមទាំងទ្រព្យសម្បិត្តមួយចំនួនបើគិតជាទឹកប្រាក់អស់ប្រមាណជាង៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកថ្ពងបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ ផន ខន ភេទប្រុស អាយុ៥៦ ឆ្នាំ (រងរបួសស្រាល)រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ផ្ទះដែលឆេះនោះមានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង ថ្មក្រោម ឆេះទាំងស្រុង។
ប្រភពបានបន្តទៀតថាសម្ភារខូចខាតទាំងអស់រួមមាន៖
១. មាសអស់ចំនួន ៣ តំឡឹង។
២. ប្រាក់ដុល្លារចំនួន ៨,០០០ ដុល្លារ។
៣. ប្រាក់រៀលចំនួន ១០,០០០,០០០ រៀល។
៤. ស្រូវចំនួន ១ តោន។
៥. អង្កចំនួន ១០០ គីឡូក្រាម។
៦. សៀវភៅស្នាក់នៅ(ក២) ១ក្បាល។
៧. សំបុត្របញ្ជាក់កំណើត០៧សន្លឹក។
៨. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០៧ សន្លឹកនិងសម្ភារប្រើប្រាស់អស់មួយចំនួន។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុដែលបង្កឱ្យមានអគ្គិភ័យកើតឡើងនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចបានប្រើប្រាស់កម្លាំងចំនួន១២នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង ប្រើទឹកអស់ចំនួន០១រថយន្ត៕
ដោយ៖ចន្ទ លីហ្សា